(ការ៉ាកាស់)៖ ប្រធានាធិបតីនៃប្រទេសវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ទីបំផុតបានប្រកាសបើកជាផ្លូវការនូវសមយុទ្ធយោធា ដែលមានទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។
នៅមុនការប្រកាសបើកសមយុទ្ធខាងលើ លោក ម៉ាឌូរ៉ូ បានធ្វើដំណើរទៅរដ្ឋ Miranda ភាគខាងជើងប្រទេស ដើម្បីត្រួតពិនិត្យមើលសព្វាវុធព្រមទាំងបរិក្ខាយោធាជាច្រើនប្រភេទ។ ការធ្វើសមយុទ្ធនេះនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃសុក្រសប្តាហ៍នេះ ហើយត្រូវបានរំពឹងថានឹងជាសមយុទ្ធយោធាធំនិងមានសារសំខាន់បំផុត ក្នុងចំណោមសមយុទ្ធនានាដែលទីក្រុងការ៉ាកាស់ធ្លាប់បានប្រារព្ធឡើង ក្នុងអំឡុងប្រវត្តិសាស្រ្តប្រមាណ២០០ឆ្នាំរបស់ខ្លួន។ នេះបើតាមការបញ្ជាក់របស់លោក ម៉ាឌូរ៉ូ ផ្ទាល់។
គួរជម្រាបថា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានប្រកាសបើកសមយុទ្ធយោធាទ្រង់ទ្រាយធំមិនធ្លាប់មាន នៅចំពោះមុខវិបត្តិដ៏តានតឹងក្នុងផ្នែកនយោបាយ បន្ទាប់ពីមេបក្សប្រឆាំងនៃប្រទេសអាមេឡាទីននេះ គឺលោក Juan Guaido បានប្រឆាំងតែងតាំងខ្លួនឯងជាប្រធានាធិបតីស្តីទី ហើយទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន៕