(ហាណូយ)៖ ក្នុងនាមជាប្រទេសកាន់របបកុម្មុយនិស្ត ប៉ុន្តែមានទំនោរទៅរករបបមូលធននិយម ព្រមទាំងអាចចងទំនាក់ទំនងមិត្តភាពទាំងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងនោះ ប្រទេស វៀតណាមនឹងក្លាយជាម្ចាស់ផ្ទះ រៀបចំកិច្ចជំនួបកំពូលរវាងមេដឹកនាំសហរដ្ឋអាមេរិកលោក Donald Trump និងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un នាថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកុម្ភៈខាងមុខ។
មិនខុសពីកូរ៉េខាងជើង ប្រទេសវៀតណាម ធ្លាប់មានភាពរអាក់រអួលក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដោយសារសង្គ្រាមបង្ហូរឈាម និងប្រវត្តិដ៏ជូរចត់ជាមួយប្រទេសមហាអំណាចមួយនេះ។ ប៉ុន្តែអ្វីដែលខុសគ្នានោះគឺ រដ្ឋាភិបាលក្រុងហាណូយ បច្ចុប្បន្នបានចាត់ទុករដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ខ្លួន ព្រមទាំងបានរលាស់ខ្លួនចេញពីការបំផ្លិចបំផ្លាញដោយសារសង្គ្រាម ទៅជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតនៅអាស៊ី និងជាអ្នកជំនាញផ្នែកទំនាក់ទំនងការទូតល្អបំផុត។
ខាងក្រោមនេះគឺជាហេតុផលសំខាន់ ដែលអាចឆ្លើយតបសំណួរថាតើហេតុអ្វីបានវៀតណាមត្រូវបានជ្រើសជាម្ចាស់ផ្ទះកិច្ចជំនួបកំពូលលើកទីពីររវាងលោក Trump និង លោកKim ៖
* វៀតណាមផ្តល់នូវអំណោយផលសមស្របជាច្រើន៖
លោក Kim Jong Un ជាមនុស្សម្នាក់មិនចំណូលធ្វើដំណើរឆ្ងាយ និងមានក្តីបារម្ភខ្ពស់ពីសុវត្តិភាពផ្ទាល់ខ្លួន ជាក់ស្តែងលោកមានបំណងចង់ធ្វើដំណើរតាមរថភ្លើងពាសដែកច្រើនជាង។ ដោយទីតាំងនៃប្រទេសវៀតណាម នៅជិតកូរ៉េខាងជើង ហេតុនេះការហោះហើរពីទីក្រុងព្យុងយ៉ាង នឹងប្រើប្រាស់រយៈពេលខ្លី។ ម្យ៉ាងទៀតប្រទេស វៀតណាម ក៏មានស្ថានទូតអាមេរិក និងកូរ៉េខាងជើង ដូចគ្នា ដែលអំណោយផលដល់ដំណើរការរៀបចំទុកមុនកិច្ចជំនួបកើតឡើង។
លើសពីនេះទៅទៀតនោះ រដ្ឋាភិបាលទីក្រុងហាណូយ ពេញចិត្តក្នុងការកសាងទំនាក់ទំនងមិត្តភាពល្អជាមួយប្រទេសទាំងពីរ ហើយត្រូវបានគេចាត់ទុកថាជាដែនដីអព្យាក្រឹត្យ។ បើនិយាយពីសន្តិសុខប្រទេសនេះ ត្រូវបានរឹតបន្តឹងយ៉ាងយ៉ាងប្រុងប្រយ័ត្នសូម្បីក្នុងពេលធម្មតាក្តី។ អាជ្ញាធរនឹងធ្វើការគ្រប់គ្រងយ៉ាងប្រុងប្រយ័ត្នទៅលើប្រព័ន្ធផ្សព្វផ្សាយ និងហ្វូងមនុស្សដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលនឹងត្រូវបានតាមដានយ៉ាងហ្មត់ចត់ពីសំណាក់មនុស្សទូទាំងសកលលោក។
* លោក Kim មានទំនាក់ទំនងល្អជាមួយវៀតណាម
វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានទំនាក់ទំនងល្អជាមួយប្រទេស កូរ៉េខាងជើង។ ទំនាក់ទំនងការទូតរវាងរដ្ឋាភិបាល ទីក្រុងហាណូយ និងទីក្រុងព្យុងយ៉ាងមានតាំងពីឆ្នាំ១៩៥០។ កូរ៉េខាងជើង ធ្លាប់បានបញ្ជូនទ័ពជើងអាកាសទៅកាន់ភាគខាងជើងនៃប្រទេសវៀតណាម ក្នុងអំឡុងសង្គ្រាមវៀតណាម។ ជាមួយគ្នានេះអតីតមេដឹកនាំកំពូលកូរ៉េខាងជើង ដែលបានបំពេញទស្សនកិច្ចនៅវៀតណាម គឺលោក Kim Il Sung ដែលជាជីតាលោក Kim Jong Un នៅឆ្នាំ១៩៥៨។ ក្រោយមកមានមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើងជាច្រើនរូប បានមកលេងប្រទេស វៀតណាម ចាប់តាំងពីពេលនោះមក។
សូមជម្រាបថា ខណៈដែលស្ថានភាពពាណិជ្ជកម្មបានធ្លាក់ចុះ បន្ទាប់ពីមានការដាក់ទណ្ឌកម្មពីសំណាក់អង្គការសហប្រជាជាតិ ប្រឆាំងនឹងរដ្ឋាភិបាលក្រុងព្យុងយ៉ាង វាបានឈានដល់៧ លានដុល្លារនៅក្នុងឆ្នាំ២០១៧ ។ ហេតុនេះ ដំណើរទស្សនកិច្ចរបស់លោក Kim ទៅកាន់ប្រទេសវៀតណាម អាចនឹងក្លាយជាឱកាសសម្រាប់លោក ក្នុងការរៀនសូត្រពីវៀតណាមក្នុងការស្តាសេដ្ឋកិច្ចក្រោយបញ្ចប់សង្គ្រាមវៀតណាម។
លោក Le Hong Hiep អ្នកជំនាញវៀតណាមនៅវិទ្យាស្ថាន ISEAS-Yusof ប្រទេស សឹង្ហបូរី បាននិយាយថា "លោក Kim នឹងចាប់អារម្មណ៍ក្នុងការសិក្សាស្ថានភាពប្រទេសវៀតណាមដោយខ្លួនឯង ដែលអាចជាប្រភពបទពិសោធន៍ដ៏ល្អនៃការបំផុសគំនិត និងការឆ្លុះបញ្ចាំងអំពីវិធីដែលលោកអាចជ្រើសរើសដើម្បីជំរុញកូរ៉េខាងជើង ឱ្យរីកចម្រើនទៅមុខ"។
* អាមេរិកចង់បានវៀតណាមជាម្ចាស់ផ្ទះដើម្បីផលប្រយោជន៍ផ្នែកយុទ្ធសាស្ត្រ
ប្រទេសវៀតណាមក៏អាចជាទីតាំងដ៏មានសារៈសំខាន់ខាងយុទ្ធសាស្រ្តសម្រាប់សហរដ្ឋអាមេរិក ដែលបច្ចុប្បន្នកំពុងជាប់ផុងក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយចិន ដែលជាសម្ព័ន្ធមិត្តជិតបំផុត របស់កូរ៉េខាងជើង។លោកជុនសុងវូន (Cheon Seong Whun) អ្នកស្រាវជ្រាវម្នាក់នៅវិទ្យាស្ថាន Asan Institute for Policy Studies នៅទីក្រុងសេអ៊ូលបាននិយាយថា លោក Trump អាចប្រើប្រាស់ប្រទេស វៀតណាមដើម្បី ជា" សញ្ញាប្រាប់ទៅទីក្រុងប៉េកាំងថា កូរ៉េខាងជើង មិនស្ថិតនៅក្នុងដៃរបស់ចិននោះទេ ម្យ៉ាងទៀត អាមេរិកក៏មានតុល្យភាពឥទ្ធិពលដូចចិននៅក្នុងតំបន់នេះ" ។
វ៉ាស៊ីនតោនក៏ចង់បង្ហាញពីភាពជោគជ័យនៃសេដ្ឋកិច្ចរបស់វៀតណាម ក្រោមការជំរុញដោយលោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងអំឡុងលោកធ្វើទស្សនកិច្ចក្នុងប្រទេសវៀតណាមកាលពីឆ្នាំមុន។ លោក Pompeo បាននិយាយនៅក្នុងសុន្ទរកថា ដោយសំដៅទៅមេដីកនាំ Kim ថា «ប្រទេសលោកអាចដើរតាមផ្លូវនេះបាន។ នេះគឺជាឱកាសរបស់លោក ប្រសិនបើលោកចេះចាប់យកពេលនេះ»។ វាអាចជាអព្ភូតហេតុដ៏អស្ចារ្យសម្រាប់ប្រទេស កូរ៉េខាងជើងផងដែរ។
* ប្រទេសវៀតណាម ស្វះស្វែងចង់ក្លាយជាម្ចាស់ផ្ទះនៃកិច្ចជំនួបនេះ
វៀតណាមមានបំណងចង់បង្ហាញ តួនាទីដំ៏សំខាន់របស់ខ្លួន លើឆាកអន្តរជាតិជាថ្មីម្តងទៀត បន្ទាប់ពីការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី - ប៉ាស៊ីហ្វិក (Apec) នៅក្នុងឆ្នាំ ២០១៧ និងវេទិកាសេដ្ឋកិច្ចពិភពលោកថ្នាក់តំបន់ (WEF) កាលពីឆ្នាំ២០១៨កន្លងទៅនេះ។ កិច្ចប្រជុំ Trump-Kim អាចផ្តល់ផលចំណេញដល់ប្រទេស វៀតណាមច្រើន។
លោក Vu Minh Khong អ្នកវិភាគគោលនយោបាយនៅសាលា គោលនយោបាយសាធារណៈ Lee Kuan Yewនៅសិង្ហបុរីបាននិយាយថា «ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាចជំរុញ ឋានៈរបស់វៀតណាម នៅក្នុងសហគមន៍អន្តរជាតិ ព្រមទាំងជួយជំរុញប្រទេសឱ្យលេចមុខលេចមាត់ ទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនបរទេសជាដើម»៕