(សេអ៊ូល)៖ ក្រុមមន្ត្រីកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យនេះ បានយល់ព្រមចុះហត្ថលេខាហើយលើកិច្ចព្រមព្រៀងរយៈពេលខ្លីមួយដែលនឹង បង្កើនការចំណាយប្រាក់របស់ទីក្រុងសេអ៊ូល ដើម្បីរក្សាវត្តមានកងទ័ពអាមេរិកនៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ស្នើឱ្យរដ្ឋាភិបាលលោក មូន ជែអ៊ីន ចំណាយលុយឱ្យបានច្រើន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៩។
ផ្អែកលើប្រភពពីមន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូង សារព័ត៌មានយ៉ុនហាប់ បានបញ្ជាក់ទៀតថាកិច្ចព្រមព្រៀងនេះនៅត្រូវការការអនុម័តពី សភាជាមុនសិន។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ តាមរយៈកិច្ចព្រមព្រៀងខាងលើ កូរ៉េខាងត្បូងនឹងត្រូវបង្កើនការចំណាយក្នុងឆ្នាំ ២០១៩នេះដល់ទៅ១.០៣ទ្រីលាវ៉ុន (៨៩០លានដុល្លារ) ខណៈកាលពីឆ្នាំ២០១៨ ទីក្រុងសេអ៊ូលបានបង់ប្រាក់៩៦០លានវ៉ុនដល់ កងទ័ពអាមេរិកដែលកំពុងឈរជើងនៅលើទឹកដីកូរ៉េខាងត្បូង។
គួរជម្រាបថា កិច្ចព្រមព្រៀងនេះមានរយៈពេលតែមួយឆ្នាំប៉ុណ្ណោះ ពោលគឺខុសគ្នាបើធៀបទៅនឹងកិច្ចព្រមព្រៀងមុនៗដែលនេះ អាចនឹងជម្រុញឱ្យក្រុមមន្ត្រីនៃប្រទេសទាំង២ ត្រូវជួបចរចាគ្នាជាថ្មីនៅពេលប៉ុន្មានខែខាងមុខទៀតនេះ៕