(ញូយ៉ក)៖ រុស្ស៊ីបានរៀបចំសេចក្ដីព្រាងដំណោះស្រាយមួយដើម្បីការពារ និងគាំទ្រដល់រដ្ឋាភិបាលប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៩។

សារព័ត៌មានរុស្ស៊ី Sputnik ផ្អែកលើប្រភពដែលខ្លួនទទួលបាន បានឱ្យដឹងទៀតថាជាការឆ្លើយតបនឹងដំណោះស្រាយរបស់រុស្ស៊ី សហរដ្ឋអាមេរិកមានបំណងធ្វើបទបង្ហាញដល់ក្រុមប្រឹក្សាសន្តិសុខនូវដំណោះស្រាយមួយរបស់ខ្លួនដោយអំពាវនាវឱ្យមានការរៀបចំ ការបោះឆ្នោតប្រធានាធិបតីវេណេស៊ុយអេឡាសាជាថ្មី។ ប្រភពដដែលបានបញ្ជាក់ដូច្នេះថា៖«រុស្ស៊ីបានរៀបចំសេចក្ដីព្រាង​ដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផ្ទាល់ខ្លួនមួយ ដើម្បីការពារនិងគាំទ្ររដ្ឋាភិបាលវេណេស៊ុយអេឡា»

គួរជម្រាបថា បច្ចុប្បន្ន វេណេស៊ុយអេឡាកំពុងជួបវិបត្តិមានប្រធានាធិបតី២ បន្ទាប់ពីមេបក្សប្រឆាំងលោក Juan Guaido ប្រកាស តែងតាំងខ្លួនឯងជាប្រធានាធិបតីស្ដីទីដោយមានការគាំទ្រពីសហរដ្ឋអាមេរិក និងសម្ព័នមិត្តលោកខាងលិច ខណៈរុស្ស៊ី ចិន តួកគី អ៊ីរ៉ង់ជាដើម នៅតែគាំទ្រលោកម៉ាឌូរ៉ូជាប្រធានាធិបតីវេណេស៊ុយអេឡាស្របច្បាប់៕