(ម៉ូស្គូ)៖ សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក James Inhofe បានចោទប្រកាន់ចិនត្រង់ៗតែម្ដងថាកំពុង ត្រៀមខ្លួនសម្រាប់សង្រ្គាមលោកលើកទី៣ នៅក្នុងបរិបទដែលមហាអំណាចទាំងពីរកំពុងមានភាពតានតឹងផ្នែកយោធានឹងគ្នានៅឯ តំបន់សមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអាទិត្យ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៩។
ការកត់សម្គាល់បែបនេះរបស់លោក James Inhofe ធ្វើឡើងនៅអំឡុងកិច្ចប្រជុំមួយរបស់ព្រឹទ្ធសភាអាមេរិក នាពេលថ្មីៗនេះដែល ផ្ដោតលើរុស្ស៊ីនិងចិន។ ថ្លែងនាឱកាសនោះ សមាជិកព្រឹទ្ធសភារូបនេះបានគូសបញ្ជាក់ដូច្នេះថា៖«វាហាក់ដូចជាអ្នក (ចិន) កំពុងត្រៀមខ្លួនសម្រាប់សង្រ្គាមលោកលើកទី៣...ហើយអ្នកកំពុងបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តរបស់យើងជាមួយការរំពឹងថាពួកគេនឹងត្រឡប់មកឈរនៅខាងអ្នក»។
គួរជម្រាបថា បើតាមលោក James Inhofe សហរដ្ឋអាមេរិកគួរតែយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមឃ្លាំមើលសកម្មភាពយោធារបស់ ចិននៅឯតំបន់សមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់ ដើម្បីទប់ស្កាត់កុំឱ្យតំបន់ទាំងនេះធ្លាក់ចូលក្នុងកណ្ដាប់ដៃចិន ឬក្លាយជា មូលដ្ឋានយោធាអចិន្ត្រៃយ៍របស់មហាយក្សអាស៊ីមួយនេះ៕