(វ៉ាស៊ីនតោន)៖ ប្រធានទីភ្នាក់ងារ​អវកាស​អាមេរិក NASA លោក ជីម ប្រៃដិនស្តាញ (Jim Bridenstine) បានបញ្ជាក់ថា គ្រោងរបស់​ NASA ​ក្នុងការ​បញ្ជូន​​មនុស្សទៅកាន់​ឋានព្រះច័ន្ទ​គឺមិនដូចកាលសម័យបេសកកម្ម​អាប៉ូឡូឡើយ ដោយលើកនេះ​ក្រុមអវកាសយានិក​​ដែល​​​បញ្ជូនទៅ​កាន់ទីនោះ នឹងត្រូវស្នាក់នៅ​រយៈពេលយូរ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន​រុស្ស៊ី Sputnik នៅរសៀល​ថ្ងៃសៅរ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក Bridentine បានលើកឡើងដូច្នេះថា «ក្នុងនាមជាអ្នក​គាំទ្រ NASA តាំងតែពីយូរមក​ហើយ ខ្ញុំពិតជារំភើបខ្លាំងណាស់​ក្នុងការនិយាយម្តង​ទៀត អំពី​ការបញ្ជូនមនុស្ស​ឲ្យទៅជាន់នៅ​ឋានព្រះច័ន្ទ។ ប៉ុន្តែសម្រាប់​មនុស្សមួយចំនួន ការនិយាយថា​​យើងនឹងត្រឡប់ទៅកាន់​ទីនោះជាថ្មីម្តង​ទៀត​អាចន័យថា យើងនឹងធ្វើរឿងដដែលៗ ដូចកាលពី ៥០ឆ្នាំមុន។ ខ្ញុំចង់បញ្ជាក់​ឲ្យ​ច្បាស់ថា ចក្ខុវិស័យ​របស់យើង​គឺពុំដូច្នោះឡើយ»

លោក Bridenstine បានបន្តថា «យើងនឹងធ្វើដំណើរ​ទៅកាន់ព្រះច័ន្ទ ជាមួយ​​ប្រព័ន្ធនិងបច្ចេកវិទ្យា​ប្រកប​ដោយគំនិតច្នៃប្រឌិត​​​ថ្មី​ៗ​ ដើម្បីធ្វើការរុករក​ក៏ដូចជាស្រាវជ្រាវ​នៅទីតាំងកាន់តែច្រើន​លើផ្ទៃរបស់វា ដែលយើងធ្លាប់គិតថា​អាចធ្វើទៅបាន ហើយ​លើក​នេះ នៅពេលដែល​ពួកយើងទៅ យើងនឹងស្នាក់នៅ​រយៈពេលយូរ»

គួរជម្រាបថា ​បើតាមប្រធាន​អង្គការ NASA គោលដៅនៃគម្រោង​ខាងលើ គឺធ្វើយ៉ាងណាបញ្ជូន​មនុស្សទៅកាន់​ឋានព្រះច័ន្ទ​ ​ឲ្យ​បានក្នុងទសវត្សរ៍ខាងមុខ (ឆ្នាំ២០២០-២០៣០) ហើយចាប់ផ្តើម​អនុវត្តន៍គម្រោងរបស់ខ្លួន ​នៅសប្តាហ៍ក្រោយតទៅ៕