(បាងកក)៖ លោក ផៃប៊ូន នីធីតាវ៉ាន់ (Paiboon Nititawan) ប្រធានគណបក្សកំណែទម្រង់ដែលគាំទ្ររបបយោធា បានបង្កើនសម្ពាធលើគណៈកម្មការរៀបចំការបោះឆ្នោតឲ្យធ្វើការរំលាយគណបក្សថៃរក្សាជាតិ ដោយសារការតែងតាំងព្រះនាងម្ចាស់ អ៊ុបុលរតនា (Ubolratana) ជាបេក្ខជននាយករដ្ឋមន្រ្តីរបស់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ នៅរសៀលថ្ងៃសៅរ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩។
ការបង្កើនសម្ពាធរបស់ លោក Paiboon ធ្វើឡើងបន្ទាប់ពីព្រះមហាក្សត្រថៃ ព្រះបាទ មហា វ៉ាច្ឆរ៉ាឡុងកន បានចេញព្រះរាជសារប្រឆាំងនឹងដំណឹងគួរឲ្យភ្ញាក់ផ្អើលអំពីការឈរឈ្មោះរបស់ព្រះរាមទ្រង់ គឺព្រះនាងម្ចាស់ Ubolratana ជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់ «គណបក្សថៃរក្សាជាតិ» សម្រាប់ការបោះឆ្នោតជាតិនាថ្ងៃទី២៤ ខែមីនា ខាងមុខនេះ។
ប្រធានគណបក្សកំណែទម្រង់បានលើកឡើងថា ជាក់ស្តែងដោយសារតែព្រះនាង Ubolratana មានសែស្រឡាយរាជវង្ស ដែលមិនអាចប្រឡូកក្នុងឆាកនយោបាយបាននោះ គណបក្សថៃរក្សាជាតិត្រូវតែបញ្ចប់អ្វីៗគ្រប់យ៉ាង ដូច្នេះគណៈកម្មការរៀបចំការបោះឆ្នោត ត្រូវតែចាត់វិធានការរំសាយគណបក្សនេះចោល។ លោក Paiboon បានស្នើឲ្យគណៈកម្មការកោះប្រជុំបន្ទាន់ ដើម្បីពិចារណាលើការរំលាយបក្សថៃរក្សាជាតិ នៅថ្ងៃចន្ទសប្តាហ៍ក្រោយ។
កាលពីយប់ថ្ងៃសុក្រសប្តាហ៍នេះ ព្រះមហាក្សត្រថៃ ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន បានបញ្ជាក់ថា ទោះព្រះរាមទ្រង់បានបោះបង់ចោលងារជារាជវង្សតាមច្បាប់ក៏ដោយ ព្រះនាងនៅតែជាសមាជិកមួយអង្គ ក្នុងសែរាជវង្សថៃតាមប្រពៃណីដដែល។ មិនតែប៉ុណ្ណោះ ព្រះនាងក៏នៅតែជាបុត្រីរបស់ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ផងដែរ។ ហេតុនេះហើយ ការដែលអនុញ្ញាតឲ្យសែរាជរង្ស ចូលទៅប្រឡូកប្រឡាក់ក្នុងរឿងនយោបាយ គឺជាទង្វើមួយបំពានលើប្រពៃណីរាជវង្ស ក៏ជាការប៉ះពាល់ដល់វប្បធម៌ជាតិ និងជាទង្វើដែលមិនសមរម្យជាខ្លាំង។
គួរជម្រាបថា នាថ្ងៃសៅរ៍នេះ គណបក្សថៃរក្សាជាតិបានចេញសេចក្តីថ្លែងការណ៍ គោរពតាមព្រះរាជបញ្ជារបស់ព្រះមហាក្សត្រថៃ គឺដកព្រះនាងម្ចាស់ Ubolratana ចេញពីបេក្ខភាពនាយករដ្ឋមន្ត្រីវិញ ខណៈព្រះនាងគឺជាបេក្ខជននាយករដ្ឋមន្រ្តីតែមួយគត់របស់បក្ស៕