(សិង្ហបុរី)៖ ផ្សែងនិងក្លិនឆ្ងៀមក្នុងខ្យល់ដែលកំពុងបង្កការងឿងឆ្ងល់នៅ ជុំវិញតំបន់ភាគខាងកើតប្រទេសសិង្ហបុរីនោះ តាមពិតបណ្តាលមកពីភ្លើងឆេះនៅកន្លែងចាក់សំរាមមួយកន្លែងក្នុងរដ្ឋ Johor នៃប្រទេសម៉ាឡេស៊ី ដែលនៅជាប់សិង្ហបុរី។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរបរិស្ថានរបស់សិង្ហបុរី ដកស្រង់សម្តីដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសៅរ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩។
ទីភ្នាក់ងារបរិស្ថានជាតិសិង្ហបុរី (NEA) បានឲ្យដឹងនាថ្ងៃសៅរ៍នេះថា អគ្គីភ័យក្នុងទីលានចោលគំនរសំរាមមួយកន្លែងនៅក្រុង Bendar Tenggara ភាគអាគ្នេយ៍រដ្ឋ Johor បានបន្តឆេះចាប់តាំងពីតែថ្ងៃអង្គារមកម្ល៉េះ ខណៈពេលនេះអាជ្ញាធរម៉ាឡេស៊ីកំពុងតែប្រឹងប្រែងយ៉ាងសកម្មដើម្បីពន្លត់វា។
គួរជម្រាបថា ប្រជាជនដែលរស់នៅតាមភាគខាងកើតនៃប្រទេសសិង្ហបុរី បានរាយការណ៍ពីក្លិនផ្សែងចម្លែកមួយ នៅក្នុងខ្យល់អាកាស កាលពីព្រលឹមថ្ងៃសុក្រ ជាមួយការសង្ស័យនៅលើបណ្តាញទំនាក់ទំនងសង្គមថា តើវាបង្កឡើងដោយការផ្សែងឬធូលីដែលបោកមកពីប្រទេសដទៃឬយ៉ាងណា ព្រោះថាពុំមានការប្រទះឃើញប្រភពក្លិនផ្សែងនៅក្នុងតំបន់ឡើយ៕