(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក​កំពុងស្ថិតតែក្នុង​ការរត់ប្រណាំង​ជាមួយ​រុស្ស៊ី និងចិន ដើម្បីអភិវឌ្ឍន៍​មីស៊ីល​ល្បឿនលឿន​ជាង​សំឡេង ដែលពិភពលោក​ទាំងមូល​កំពុងចាប់​អារម្មណ៍បំផុត។ នេះបើតាម​ការឲ្យដឹងពីកងទ័ព​អាកាសអាមេរិក ដកស្រង់ខ្លឹមសារ​ដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃសៅរ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩។

មេបញ្ជាការទ័ពអាកាសសហរដ្ឋអាមេរិក លោកស្រី ហ៊ឺធើ វាលសុន (Heather Wilson) បាននិយាយថា អាមេរិកកំពុងជិត​សម្រេចបានការ​អភិវឌ្ឍ​​​មីស៊ីលប្រភេទ Hypersonic ដែលបានហោះ​ក្នុងល្បឿនលឿនជាងលឿន​សំឡេងដល់ទៅ ០៥ដង។ បើតាមលោកស្រី Wilson ​សហរដ្ឋអាមេរិក​កំពុងតែខិតខំប្រឹងប្រែង​កុំឲ្យចាញ់​ប្រៀប ប្រទេសឯទៀតៗ​ដូចជារុស្ស៊ី និងចិន ក្នុងការអភិវឌ្ឍ​ប្រភេទ​មីស៊ីល​​ថ្មី​ៗ ជាពិសេស​គឺមីស៊ីលលឿន​ជាង​សំឡេងនេះ​។

គួរជម្រាបថា កាលពី​ខែធ្នូ ឆ្នាំ២០១៨ រុស្ស៊ីបានបង្អួតពី​សមត្ថភាព​នៃមីស៊ីល ហៃភើសូនិក ក្លៃដឺ (Hypersonic Glider) ថ្មីរបស់ខ្លួន​​ហៅថា អាវាំងហ្គាដ (Avanguard) ដែលអាច​ហោះលឿនជាងល្បឿន​សំឡេងដល់ ២៧ដង (Mach 27) ឬស្មើនឹង ៣៣,០០០គីឡូម៉ែត្រ​ក្នុងមួយម៉ោង នៅ​ក្នុង​ការ​​ធ្វើ​តេស្ត។ រីឯចិនវិញ​ក៏ត្រូវគេ​រាយការណ៍ថា បានធ្វើតេស្ត​ជោគជ័យប៉ុន្មាន​លើករួចទៅហើយ​ផងដែរ ចាប់តាំងពីឆ្នាំ២០១៤មក លើ​​មីស៊ីល​ប្រភេទ Hypersonic ដែលអាចឈាន​ដល់​ល្បឿន ៥ និង ១០ដងលឿនជាងសំឡេង៕