(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានប្រកាសទាត់ចោលសេចក្តីថ្លែងការណ៍របស់ក្រុមទំនាក់ទំនងអន្តរជាតិ ដែលបានបើកកិច្ចប្រជុំនៅអ៊ុយរ៉ាហ្គាយ ដើម្បីស្វែងរកដំណោះស្រាយសម្រាប់វិបត្តិនយោបាយ នៅក្នុងប្រទេសវេណេស៊ុយអេឡា ដោយលោកមើលឃើញថា វាមានភាពលម្អៀងទៅរកបក្សប្រឆាំង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក ម៉ាឌូរ៉ូ បាននិយាយថា សេចក្តីថ្លែងការណ៍រួមដែលត្រូវបានចុះហត្ថលេខា ដោយសមាជិកភាគច្រើននៃក្រុមទំនាក់ទំនងអន្តរជាតិខាងលើ គឺមានពុំមានអព្យាក្រឹតភាពនៅក្នុងអនុសាសន៍របស់ខ្លួន ជុំវិញមធ្យោបាយដើម្បីជម្នះវិបត្តិនយោបាយ ដ៏តានតឹងរបស់វេណេស៊ុយអេឡានោះឡើយ។ ទន្ទឹមនេះដែរលោក ម៉ាឌូរ៉ូ បានអញ្ជើញអ្នកតំណាងនៃក្រុមទំនាក់ទំនងអន្តរជាតិនេះឲ្យមកកាន់វេណេស៊ុយអេឡា ដើម្បីជជែកពិភាក្សាគ្នា។
គួរជម្រាបថា ក្រុមទំនាក់ទំនងខាងលើ ដែលរួមមានសហភាពអឺរ៉ុប (EU) ព្រមទាំងប្រទេសអាមេរិកឡាទីន និងអឺរ៉ុបចំនួន ១៣ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ក្រោយបញ្ចប់កិច្ចប្រជុំលើកដំបូងរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយក្នុងនោះក្រុមទំនាក់ទំនងអន្តរជាតិនេះបានគាំទ្រ ឲ្យមានការរៀបចំបោះឆ្នោតប្រធានាធិបតីឡើងវិញនៅវេណេស៊ុយអេឡា ដូចទៅនឹងអ្វីដែលក្រុមប្រឆាំងបានទាមទារ។
សហភាពអឺរ៉ុបបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយអេស៉្បាញ អ៊ីតាលី ព័រទុយហ្គាល់ ស៊ុយអែត អាល្លឺម៉ង់ បារាំង ហូឡង់ ចក្រភពអង់គ្លេស អ៊ុយរ៉ាហ្គាយ កូស្តារីកា និងអេក្វាទ័រ ខណៈបូឡាវី និងម៉ិចស៊ីកូបានធ្វើអនុប្បវាទ៕