(ការ៉ាកាស់)៖ មេបក្សប្រឆាំងវេណេស៊ុយអេឡាលោក ជូអាន ហ្គៃដូ (Juan Guaido) បានទទូចឲ្យអ្នកគាំទ្រលោកប្រមូលផ្តុំគ្នាតវ៉ានៅថ្ងៃសៅរ៍នេះ ដើម្បីទាមទារឲ្យរដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ បញ្ឈប់ការរាំងខ្ទប់ជំនួយមនុស្សរបស់សហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩។
កាលពីសប្តាហ៍មុនទីក្រុងវ៉ាស៊ីនតោនបានប្រកាសថា ខ្លួននឹងបើកច្រកបញ្ជូនជំនួយមនុស្សធម៌មកកាន់ប្រទេសវេណេស៊ុយអេឡា តាមសំណើរបស់លោក Guaido ប៉ុន្តែត្រូវបានរារាំងដោយលោក ម៉ាឌូរ៉ូ។ ខណៈនេះជំនួយរបស់អាមេរិកកំពុងត្រូវដឹកជញ្ជូនទៅកាន់ទីក្រុង គូគូតា (Cucuta) នៃប្រទេសកូឡុំប៊ី ដែលស្ថិតនៅក្បែរព្រំដែនវេណេស៊ុយអេឡា ដែលរង់ចាំការអនុញ្ញាតពីសមត្ថកិច្ចវេណេស៊ុយអេឡា ទើបអាចចូលទៅបាន។
គួរបញ្ជាក់តាមការលើកឡើងរបស់ លោក ម៉ាឌូរ៉ូ ថា លោកនឹងមិនអនុញ្ញាតឲ្យមានការរំលោភបំពានលើអធិបតេយ្យភាព នៃប្រទេសរបស់លោកឡើយ ខណៈយោធាវេណេស៊ុយអេឡាបានបិទស្ពានចូលមកកាន់វេណេស៊ុយអេឡា ដោយប្រើកុងតឺន័រ និងរថយន្តដឹកប្រេង។ រដ្ឋាភិបាលវេណេស៊ុយអេឡា បានចាត់ទុកក្បួនដឹកជំនួយមនុស្សធម៌ដឹកនាំដោយអាមេរិកនេះ មានបង្កប់ដោយចេតនាឈ្លានពាន៕