(ការ៉ាកាស់)៖ ទោះបីជាវាអាចបង្កភាពចម្រូងចម្រាសខ្លាំងយ៉ាងណាក៏ដោយ មេបក្សប្រឆាំងវេណេស៊ុយអេឡា លោក Juan Guaido ដែលបានប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា និងមានការគាំទ្រក៏ដូចជាទទួលស្គាល់ពីអាមេរិកព្រមទាំងសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោននៅអាមេរិកឡាទីន និងប្រទេសមួយចំនួននៅអឺរ៉ុបនោះ បានអះអាងថាលោកនឹងមិនដកចេញឡើយនូវលទ្ធភាពនៃការបើកផ្លូវអនុញ្ញាតឲ្យមានការចូលធ្វើអន្តរាគមន៍យោធាពីបរទេស ដើម្បីផ្តួលរំលំលោក ម៉ាឌូរ៉ូ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩។
ថ្លែងជាមួយទីភ្នាក់ងារព័ត៌មានបារាំង AFP លោក Guaido បាននិយាយថា រូបលោកនឹងធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ ដើម្បីជួយសង្រ្គោះជីវិតប្រជាជន ពោលគឺលោកមិនបោះបង់ចោលនូវប្រធានបទចម្រូងចម្រាស នៃការស្នើនិងអនុញ្ញាតឲ្យកម្លាំងបរទេស ជាពិសេសសហរដ្ឋអាមេរិក មកចូលធ្វើអន្តរាគមន៍យោធានៅក្នុងប្រទេសវេណេស៊ុយអេឡា ដើម្បីបង្ខំឲ្យប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ ចុះចេញពីអំណាច និងជួយបន្ធូរបន្ថយវិបត្តិមនុស្សជាតិនោះឡើយ។
គួរជម្រាបថា កាលពីខែមករាកន្លងទៅ លោក Guaido ដែលជាមេបក្សប្រឆាំងនិងជាប្រធានរដ្ឋសភាវេណេស៊ុយអេឡា បានឡើងប្រកាសតែងតាំងខ្លួនឯងថាជា មេដឹកនាំស្របច្បាប់តែមួយគត់នៃប្រទេសអាមេរិកឡាទីនមួយនេះ ហើយក៏ទទួលបានការគាំទ្រពីទីក្រុងវ៉ាស៊ីនតោន ព្រមទាំងសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាមេរិកខាងត្បូងនិងអឺរ៉ុប។
ក្នុងអំឡុងពេល០២សប្តាហ៍ចុងក្រោយនេះ រដ្ឋបាល លោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា ការលើកទ័ពចូលមកកាន់វេណេស៊ុយអេឡានៅតែជាជម្រើសមួយ ប្រសិនបើលោក ម៉ាឌូរ៉ូ នៅតែមិនព្រមបោះបង់ចោលអំណាច ហើយចាប់ផ្តើមការធ្វើអន្តរកាលនយោបាយឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសវេណេស៊ុយអេឡាទៀតនោះ៕