(ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងជើងបានរៀបចំប្រារព្ធគម្រប់ខួប៧១ឆ្នាំនៃការបង្កើតកងទ័ពរបស់ខ្លួនដោយស្ងាត់ៗ គឺពុំមានការធ្វើព្យុហយាត្រាយោធាឬក៏ការបង្ហាញសាច់ដុំក្នុងទម្រង់ណាមួយឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩។
ទិវាខាងលើដែលរម្លឹកពីការបង្កើតកងទ័ពកូរ៉េខាងជើង KPA កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ១៩៤៨ គឺជាទិវាជាតិដ៏ធំបំផុតមួយរបស់ប្រទេសកូរ៉េខាងជើង។ នៅឆ្នាំ២០១៨ ពិធីព្យុហយាត្រាយោធាទ្រង់ទ្រាយធំមួយ ត្រូវបានធ្វើឡើងនៅឯទីក្រុងព្យុងយ៉ាងដើម្បីបង្ហាញពីបរិក្ខាយោធានិងសព្វាវុធចម្រុះផ្សេងៗ ក្នុងឱកាសអបអរគម្រប់ខួប៧០ឆ្នាំ។
គួរជម្រាបថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា នាថ្ងៃទី២៧និងទី២៨ ចុងខែកុម្ភៈនេះ លោកនឹងបើកកិច្ចប្រជុំកំពូលជាលើកទីពីរជាមួយប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅរដ្ឋធានីហាណូយ នៃប្រទេសវៀតណាម ដើម្បីបន្តជំរុញកិច្ចចរចាជុំវិញបញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ៕