(បាងកក)៖ ការប្រកាសចូលប្រឡូកឆាកនយោបាយ ពីសំណាក់សែរាជវង្សជាន់ខ្ពស់របស់ថៃ គឺសម្តេចព្រះរាម អ៊ុបុលរតនា (Ubolratana) គឺបាននិងកំពុងធ្វើឲ្យពិភពលោកចាប់អារម្មណ៍ជាខ្លាំងអំពីរបត់នយោបាយថ្មីមួយទៀត នៃព្រះរាជាណាចក្រថៃ បន្ទាប់ពីរដ្ឋប្រហារផ្ទុះឡើងលើកចុងក្រោយកាលពីខែឧសភា ឆ្នាំ២០១៤ ប៉ុន្តែដំណើរនេះមិនប្រាកដថារលូននោះឡើយ ដោយពេលនេះព្រះមហាក្សត្រថៃបច្ចុប្បន្ន ព្រះបាទ មហា វ៉ាច្ឆរ៉ាឡុងកន បានបង្ហាញជំហរមិនគាំទ្រនោះឡើយ ចំពោះបងស្រីដែលចង់ប្រកួតយកតំណែងនាយករដ្ឋមន្ត្រីនោះ។ នេះបើតាមការចេញផ្សាយដោយ BBC នាព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយដោយព្រះបរមរាជវាំងថៃ ព្រះមហាក្សត្រថៃបានហៅទង្វើរបស់ព្រះរាមរបស់ព្រះអង្គថា «មិនសាកសម និងបំផ្លាញវប្បធម៌ជាតិ...។ ទោះបីព្រះនាងបានបោះបង់ចោលតំណែង ក្នុងជួររាជវង្សជាលាយលក្ខណ៍អក្សរក៏ដោយ ក៏ព្រះនាងនៅតែរក្សាឋានៈរបស់ព្រះនាង ក្នុងនាមជាសមាជិកសែរាជវង្សចក្រីដដែល»។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រម្សិលមិញនេះ ព្រះរាមរបស់ព្រះមហាក្សត្រថៃព្រះបាទ មហា វ៉ាច្ចរ៉ាឡុងកន (Vajiralongkorn) គឺព្រះនាងម្ចាស់ អ៊ុបុលរតនា រ៉ាចាកាន់យ៉ា (Ubolratana Rajakanya) នឹងចូលរួមប្រកួតប្រជែងយកតំណែងជានាយករដ្ឋមន្ត្រីនៅក្នុងការបោះឆ្នោតសកល ដែលគ្រោងនឹងប្រព្រឹត្តទៅថ្ងៃទី២៤ ខែមីនា ខាងមុខនេះ។
ការប្រកាសពីការចូលរួមនៅក្នុងការបោះឆ្នោតនេះ ត្រូវបានធ្វើឡើងដោយគណបក្ស ថៃរក្សាជាតិ (Thai Raksa Chart) នៅថ្ងៃសុក្រនេះបន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើនថា ព្រះនាងម្ចាស់ដែលមានព្រះជន្ម ៦៧វស្សានេះនឹងចូលរួមក្នុងឆាកនយោបាយ។ បន្ថែមពីនេះបើតាមគេហទំព័រ Khaosod ការប្រកាសតែងតាំងព្រះនាងម្ចាស់ Ubolratana Rajakanya ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្ស Thai Raksa Chart ក៏ត្រូវបានទទួលស្គាល់ពីនាយករដ្ឋមន្ត្រីថៃលោក ប្រយុទ្ធ ចាន់អូចា ដែលកំពុងប្រឈមមុខនឹងវិបត្តិផ្សែងពុលនៅក្នុងប្រទេសថៃ ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់ប្រជាប្រិយភាពរបស់លោក មុនការបោះឆ្នោតមកដល់។
ព្រះនាងម្ចាស់ Ubolratana Rajakanya គឺជាបុត្រីច្បងនៃអតីតព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) និងម្ចាស់ក្សត្រី សិរីគិត (Sirikit)។ ប៉ុន្តែព្រះនាងបានបោះបង់ចោលតួនាទីជារាជ្យវង្សរបស់ខ្លួន កាលពីឆ្នាំ១៩៧២ ដើម្បីទៅរៀបការជាមួយជនជាតិអាមេរិកម្នាក់ឈ្មោះ ភីធើ ឡេដ ហ្សិនសិន (Peter Ladd Jensen) ដែលវាមានន័យថា ព្រះនាងគ្មានសិទ្ធិនៅក្នុងការទទួលរាជសម្បត្តិនោះឡើយ៕