(វ៉ាស៊ីនតោន)៖ មិនខុសពីការសន្និដ្ឋាននោះឡើយ គឺរដ្ឋធានីហាណូយ នៃប្រទេសវៀតណាមនឹងក្លាយជាទីកន្លែងស្វាគមន៍ ជំនួបកំពូលលើកទីពីររវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលនឹងប្រព្រឹត្តទៅនៅចុងខែកុម្ភៈនេះតែម្តង។ នេះបើតាមសេចក្តីប្រកាសរបស់សេតវិមានអាមេរិក ចេញផ្សាយដោយសារព័ត៌មាន សិង្ហបុរី Straits Times នាព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ ក៏បានបញ្ជាក់ក្នុងបណ្តាញសង្គម Twitter របស់លោកយ៉ាងដូច្នេះផងដែរថា «តំណាងរបស់ខ្មុំទើបតែបានចាកចេញពីកូរ៉េខាងជើង បន្ទាប់ពីបានរៀបចំជំនួបប្រកបដោយផ្លែផ្កា និងបានព្រមព្រៀងគ្នាអំពីកាលបរិច្ឆេទ ដែលត្រូវរៀបចំជំនួបកំពូលជាមួយលោក គីម ជុងអ៊ុន។ វានឹងត្រូវធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៧-២៨ ខែកុម្ភៈ»។
គួរបញ្ជាក់ថា ការប្រកាសយកទីតាំងជាក់លាក់នៅទីក្រុងហាណូយ ធ្វើជាកន្លែងជួបលោក គីម ជុងអ៊ុន នេះត្រូវបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ត្រាំ បានសម្រេចយកប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ ដែលវាក៏ស្របទៅតាមការចង់បានរបស់រដ្ឋាភិបាលវៀតណាម ដែលបានចេញមុខមុនគេ ក្នុងការស្វាគមន៍ជំនួបកំពូល ត្រាំ-គីម ជាលើកទីពីរ ខណៈប្រទេសវៀតណាមត្រូវបានគេមើលឃើញថា កំពុងមានទំនាក់ទំនងល្អជាមួយកូរ៉េខាងជើងផង និងអាមេរិកផង៕