(ញូដេលី)៖ ឥណ្ឌាបានធ្វើតេស្តសាកល្បងដោយជោគជ័យមីស៊ីលប្រឆាំងរថក្រោះហៅថា HeliNa ដែលសម្រាប់បំពាក់លើឧទ្ធម្ភាគចក្រ នាថ្ងៃសុក្រនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩។
ប្រព័ន្ធសព្វាវុធខាងលើគឺជា ប្រភេទមីស៊ីលសម្រាប់បាញ់ពីលើផ្ទៃអាកាស នៃមីស៊ីលកម្ទេចរថក្រោះហៅថា Nag ហើយឈ្មោះរបស់វាថា HeliNa នេះគឺបានមកពីការរួមបញ្ចូលគ្នានៃពាក្យ Heli ពី Helicopter (ឧទ្ធម្ភាគចក្រ) និង Na ពី Nag។ អង្គការអភិវឌ្ឍន៍និងស្រាវជ្រាវសព្វាវុធសម្រាប់វិស័យការពារជាតិឥណ្ឌា (DRDO) បានអភិវឌ្ឍន៍មីស៊ីល Nag ចាប់តាំងពីឆ្នាំ២០០៩មកម៉្លេះ ដោយចំណាយលុយខ្ទង់៤៧លានដុល្លារអាមេរិក។
គួរជម្រាបថា មីស៊ីលខាងលើធ្វើប្រតិបត្តិការដោយប្រើមុខងារ Lock on Before Launch ដែលមានរយៈចម្ងាយវាយប្រហារចន្លោះពី០៤ទៅ០៧គីឡូម៉ែត្រ ដែលជាចម្ងាយឆ្ងាយជាងគេបង្អស់ ក្នុងចំណោមប្រភេទមីស៊ីលដែលប្រើប្រាស់សម្រាប់ប្រឆាំងរថក្រោះនៅលើពិភពលោក។ បើធៀបជាមួយមីស៊ីល Javelin របស់អាមេរិក និង Spike របស់អ៊ីស្រាអែល ដែលប្រើមុខងារ Lock on Before Launch ដែរនោះ គឺពួកវាមានរយៈចម្ងាយត្រឹមតែ២.៥គីឡូម៉ែត្រប៉ុណ្ណោះ៕