(ម៉ូស្គូ)៖ រដ្ឋាភិបាលទីក្រុងការ៉ាកាស់ មិនបានដាក់សំណើណាមួយមកកាន់ទីក្រុងម៉ូស្គូ ដើម្បីសុំជំនួយពីយោធារុស្ស៊ីនោះទេ បើទោះបីជាប្រទេសនេះកំពុងជួបវិបត្តិធ្ងន់ធ្ងរក៏ដោយ។ នេះបើតាមសេចក្តីថ្លែងការណ៍ដោយលោក អាឡិចហ្សានដឺ សាជេទីនីន (Alexander Shchetinin) ដកស្រង់ដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក Alexander Shchetinin ជាប្រធាននាយកដ្ឋានទទួលបន្ទុក កិច្ចការតំបន់អាមេរិកឡាទីន នៃក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់ប្រាប់ Sputnik យ៉ាងដូច្នេះថា «យើងកំពុងពិចារណា និងវិភាគលើសំណើពីដៃគូយុទ្ធសាស្ត្ររបស់យើង ដោយយកចិត្តទុកដាក់... ប៉ុន្តែមកទល់នឹងពេលនេះ យើងមិនទាន់ទទួលសំណើសុំជំនួយយោធាណាមួយ ពីទីក្រុងការ៉ាកាស់នោះឡើយ»។ លោក Shchetinin បានបន្ថែមថា រុស្ស៊ីបើកចំហទ្វាររាល់កិច្ចសន្ទនា ជាមួយអ្នកនយោបាយវេណេស៊ុយអេឡាទាំងអស់ ដែលចង់ស្វែងរកដំណោះស្រាយ ចំពោះវិបត្តិបច្ចុប្បន្ននៅក្នុងប្រទេសវេណេស៊ុយអេឡា។
គួរបញ្ជាក់ថា បើតាមលោក Shchetinin កិច្ចចរចា ឬកិច្ចសន្ទនាទាំងឡាយ ដើម្បីដោះស្រាយវិបត្តិវេណេស៊ុយអេឡា គួរតែធ្វើឡើង ដោយឈរលើគោលជំហរផ្សះផ្សារាល់កម្លាំងនយោបាយទាំងអស់ នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ មិនមែនសំដៅចង់ផ្ដួល ឬធ្វើរដ្ឋប្រហារទម្លាក់លោក ម៉ាឌូរ៉ូ នោះឡើយ៕