(ប៊ែរឡាំង)៖ អាជ្ញាធរអាល្លឺម៉ង់បានបង្គាប់ឱ្យក្រុមហ៊ុន Facebook ផ្លាស់ប្ដូររបៀបដែលខ្លួនប្រមូលទិន្នន័យ ពីអ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន ពីព្រោះវាកំពុងតែរំលោភលើច្បាប់អឺរ៉ុប ស្ដីពីការការពារទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ អាជ្ញាធរអាល្លឺម៉ង់ដែលកំពុងប្រឆាំងនឹង ការធ្វើពាណិជ្ជកម្មមិនត្រឹមត្រូវបានបញ្ជាក់ទៀតថា ក្រុមហ៊ុន Facebook កំពុងធ្វើសកម្មភាពផ្ដាច់មុខខាងប្រព័ន្ធទំនាក់ទំនងសង្គម តាមរយៈការប្រមូលយកទិន្នន័យពី Instagram, WhatsApp និងគេហទំព័រជាភាគីទី ៣។
មិនតែប៉ុណ្ណោះ អាជ្ញាធរអាល្លឺម៉ង់ក៏បានចោទប្រកាន់ផងដែរថា Facebook បានប្រើប្រាស់ទិន្នន័យទាំងនេះ ដើម្បីទាញយលផលប្រយោជន៍ផ្ដាច់មុខពីប្រើប្រាស់ ក្នុងគោលបំណងគ្រប់គ្រងទីផ្សារបណ្តាញទំនាក់ទំនងសង្គម។
គួរបញ្ជាក់ថា នៅពេលអនាគត ក្រុមហ៊ុន Facebook នឹងស្វែងរកការយល់ព្រមពីអ្នកប្រើប្រាស់ សំដៅប្រមូលទិន្នន័យមួយចំនួន។ ប៉ុន្តែអាជ្ញាធរអាល្លឺម៉ង់ បានបង្គាប់ឱ្យក្រុមហ៊ុនយក្សមួយនេះ បញ្ជាក់ពីរបៀបដែលខ្លួនប្រមូលទិន្នន័យឱ្យច្បាស់ បើពុំដូច្នោះទេក្រុមហ៊ុនយក្សអាមេរិកមួយនេះ អាចនឹងប្រឈមមុខនឹងការផាកពិន័យជាង ៥.៥ពាន់លានដុល្លារ៕