(អង់ការ៉ា)៖ សារព័ត៌មានតួកគី Hurriyet បានរាយការណ៍ថា រដ្ឋាភិបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងលុបចោលគម្រោងលក់ប្រព័ន្ធមីស៊ីល Patriot ឱ្យតួកគី បើសិនជាទីក្រុងអង់ការ៉ា មិនព្រមបោះបង់ចោល គម្រោងទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ីទេនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩។
សារព័ត៌មាន ហឺរីយែត (Hurriyet) បានធ្វើសេចក្ដីរាយការណ៍ខាងលើដោយផ្អែកលើប្រភពពីមន្ត្រីអាមេរិកម្នាក់ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ មន្ត្រីរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា «តួកគីអាចទិញប្រព័ន្ធមីស៊ីល Patriot នៅក្នុងពេលអនាគត ប៉ុន្តែរឿងបែបនេះមិនអាចទៅរួចឡើយ បើទីក្រុងអង់ការ៉ា មិនព្រមបោះបង់ចោលការទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី... ហើយយើងនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បី ដើម្បីការពារសន្តិសុខជាតិរបស់យើងក្នុងករណីចំបាច់»។
គួរបញ្ជាក់ថា ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខជាតិ នៃមន្ទីរបញ្ចកោណអាមេរិក បានជូនដំណឹងដល់សភា ពីគម្រោងលក់ប្រព័ន្ធមីស៊ីល Patriot ក្នុងតម្លៃជាង ៣.៥ពាន់លានដុល្លារឱ្យតួកគី កាលពីខែធ្នូ ឆ្នាំ២០១៨។ ប៉ុន្តែ ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើននាក់បានព្រមានថា អាមេរិកអាចនឹងលុបចោលគម្រោងនេះ រួមទាំងគម្រោងលក់យន្ដហោះចម្បាំង F-35 នៅក្នុងករណីដែលតួកគីនៅតែរឹងរូសទិញ S-400 ពីរុស្ស៊ីនោះ៕