(វ៉ាស៊ីនតោន)៖ អ្នកតំណាងពិសេសអាមេរិក ទទួលបន្ទុកកិច្ចការវេណេស៊ុយអេឡា លោក អ៊ែលលីយ៉ូត អាប្រាមស៍ (Elliott Abrams) បានលើកឡើងថា ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ គួរតែចាកចេញពីប្រទេសទៅកាន់ប្រទេសជាមិត្តរបស់ខ្លួន ដូចជាគុយបា ឬក៏រុស្ស៊ីទៅ ព្រោះប្រទេសទាំងពីរនឹងស្វាគមន៍ទទួលយកលោក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក Abrams បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំគិតថា... យល់ល្អដើម្បីឲ្យការធ្វើអន្តរកាលទៅរកលទ្ធិប្រជាធិបតេយ្យ នៅប្រទេសវេណេស៊ុយអេឡា លោក ម៉ាឌូរ៉ូ គួរតែនៅក្រៅប្រទេស ហើយមានប្រទេសមួយចំនួនដែលខ្ញុំយល់ថានឹងស្ម័គ្រចិត្តទទួលយករូបលោក ព្រោះលោកមានមិត្តដូចជានៅគុយបា និងរុស្ស៊ីជាដើម។ មិនតែប៉ុណ្ណោះក៏មានប្រទេសខ្លះទៀត ដែលបានមកទាក់ទងយើងផ្ទាល់ និងនិយាយថា ពួកគេសុខចិត្តទទួលយកសមាជិកនៃរបបដឹកនាំវេណេស៊ុយអេឡាមិនស្របច្បាប់នាពេលបច្ចុប្បន្ន ប្រសិនបើវាជួយដល់កិច្ចប្រឹងប្រែងធ្វើអន្តរកាល»។
បេសកជនពិសេសអាមេរិករូបនេះបានបន្តទៀតថា «ផ្លូវដើរចុងក្រោយសម្រាប់លោក ម៉ាឌូរ៉ូ គឺតែមានបោះបង់ចោលអំណាចប៉ុណ្ណោះ ហើយបើកាន់តែឆាប់គឺកាន់តែល្អ ដោយសារមើលទៅស្ថានភាពរបស់លោកផ្ទាល់ នឹងកាន់តែធ្លាក់ចុះដុនដាបទៅៗ ដរាបណាលោកនៅតែខំប្រឹងក្រាញអំណាច នោះទុក្ខវេទនានៅវេណេស៊ុយអេឡាក៏កាន់តែអូសបន្លាយផងដែរ»។
គួរជម្រាបថា តាំងតែពីដើមដំណាក់ដំបូង នៃវិបត្តិនយោបាយនៅវេណេស៊ុយអេឡា សហរដ្ឋអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនគាំទ្រមេបក្សប្រឆាំង លោក ជូអាន ហ្គៃដូ (Juan Guaido) ដែលបានប្រកាសតែងតាំងខ្លួនឯងផ្ទាល់ជាប្រធានាធិបតីស្តីទីនៃប្រទេសអាមេរិកឡាទីនមួយនេះ។ ចាប់ពីនោះមក ទីក្រុងវ៉ាស៊ីនតោនបានបន្តដាក់សម្ពាធលោក ម៉ាឌូរ៉ូ ដែលជាប្រធានាធិបតីឡើងកាន់អំណាចដោយស្របច្បាប់ ឲ្យចុះចេញពីតំណែង និងកៀរគរសម្ព័ន្ធមិត្តរបស់ខ្លួនឲ្យទទួលស្គាល់មេបក្សប្រឆាំងគឺលោក ហ្គៃដូ៕