(អាមេរិក)៖ ទីភ្នាក់ងារអវកាស NASA បានបញ្ចេញរូបថ្មីមួយសន្លឹក ដែលបង្ហាញពីការឆ្លុះមើលលើកចុងក្រោយរបស់កែវយឺត Kepler ដែលអស់សាំងកាលពីឆ្នាំមុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅរសៀលថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩។
កែវយឺតអវកាស Kepler បានបញ្ជូនរូបថតដំបូងនៃទីអវកាស (First Light Image) មកកាន់ផែនដីកាលពីខែមេសា ឆ្នាំ២០០៩ បន្ទាប់វាបានបើកគម្របការពារធូលីចេញពីកាមេរ៉ារបស់វា ខណៈរូបភាពថ្មីខាងលើដែលជារូបភាពស្គែនផ្ទៃមេឃជាលើកចុងក្រោយរបស់ Kepler បានត្រឡប់មកដល់ភពរបស់យើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨។
គួរជម្រាបថា Kepler ធ្វើគោចរនៅជុំវិញព្រះអាទិត្យនៅលើគន្លងមួយ ដែលតាមពីក្រោយគន្លងផែនដី។ បេសកកម្មដំបូងនៃកែវយឺតអវកាសនេះ ត្រូវបានគេពង្រីកបន្ថែមពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣ ដោយវាបានចាប់ផ្តើមដោយផ្តោត តែលើផ្ទៃមេឃមួយផ្នែកប៉ុណ្ណោះក្នុងកញ្ចុំផ្កាយ Cygnus។ ក្រោយពីពេលវាលែងអាចផ្តោតនៅចំណុចមួយកន្លែងបាន អ្នកវិទ្យាសាស្រ្តបានសម្រេចចេញបេសកកម្ម K2 ដែលឲ្យ Kepler ឆ្លុះមើលទីតាំងខុសៗគ្នាជារៀងរាល់ ៧៥ថ្ងៃម្តង។
ក្នុងអំឡុងបេសកកម្មទាំងពីរនេះ កែវយឺតអវកាស Kepler បានរកឃើញភពអេលៀននៅក្រៅប្រព័ន្ធព្រះអាទិត្យ (Exoplanet) ជាង ២,៦០០ភព ដែលត្រូវអ្នកវិទ្យាសាស្រ្តផ្ទៀងផ្ទាត់យ៉ាងត្រឹមត្រូវថា ពិតជាមានវត្តមានប្រាកដមែន ហើយចំនួននេះមិនទាន់រាប់បញ្ចូលបេក្ខភាព Exoplanet ជាច្រើនផ្សេងទៀតដែលមិនទាន់ត្រូវបានផ្ទៀងផ្ទាត់ឡើយ៕