(បាងកក)៖ មេដឹកនាំគណបក្សគំាទ្ររបបយោធានៅក្នុងប្រទេសថៃ នៅថ្ងៃសុក្រនេះបាននិយាយថា ការតែងតាំងព្រះនាងម្ចាស់ អ៊ុបុលរតនា រ៉ាចាកាន់យ៉ា (Ubolratana Rajakanya) ដែលជាព្រះរាមរបស់ព្រះមហាក្សត្រថៃព្រះបាទ មហា វ៉ាច្ចរ៉ាឡុងកន (Maha Vajiralongkorn) ជាបេក្ខជននាយករដ្ឋមន្ត្រីអាចនឹងរំលោភបំពានលើច្បាប់បោះឆ្នោត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក ផៃប៊ូន នីធីតាវ៉ាន់ (Paiboon Nititawan) ជាមេដឹកនាំគណបក្សកំណែទម្រង់របស់ប្រជាជន (People’s Reform Party) បានប្រគល់លិខិតមួយច្បាប់ទៅកាន់គណៈកម្មការជាតិរៀបចំការបោះឆ្នោតថៃ ជាមួយការអំពាវនាវឱ្យសម្រេចចិត្តជាថ្មីថា តើគួរតែផ្ដល់សុពលភាពលើការតែងតាំងព្រះនាងម្ចាស់ រ៉ាចាកាន់យ៉ា ជាបេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សថៃរក្សាជាតិ (Thai Raksa Chart) ដែលស្និទ្ធនឹង អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែរឬយ៉ាងណា។
គួរជម្រាបថា ការបោះឆ្នោតសកលនៅក្នុងប្រទេសថៃ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមីនាខាងមុខនេះ រីឯគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងអនុម័ត ឬបដិសេធរាល់បេក្ខភាពណាមួយ នៅថ្ងៃសុក្រសប្ដាហ៍ក្រោយនេះ៕