(អ៊ីស្រាអែល)៖ កងទ័ពអ៊ីស្រាអែល និងសហរដ្ឋអាមេរិកនឹងដឹកនាំការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយរួមគ្នា នៅប្រទេសអ៊ីស្រាអែលនាសប្តាហ៍ក្រោយនេះ។ នេះបើតាមសេចក្តីប្រកាសរបស់យោធាអ៊ីស្រាអែល ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩។
សមយុទ្ធខាងលើហៅថា Juniper Falcon 19 ដែលជាសមយុទ្ធសំខាន់ជាងគេបំផុតរវាងប្រទេសទាំងពីរ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃអាទិត្យដល់ថ្ងៃព្រហស្បត៍សប្តាហ៍ក្រោយ ហើយកងទ័ពរបស់អ៊ីស្រាអែលប្រមាណ ៤០០នាក់ និងមកពីខាងអាមេរិកប្រហែល ៣០០នាក់ ត្រូវគេរំពឹងថា នឹងចូលរួមក្នុងព្រឹត្តិការណ៍ដ៏កក្រើកក្នុងបន់នេះ។
គួរជម្រាបថា សមយុទ្ធប្រចាំឆ្នាំនេះនឹងធ្វើឡើង នៅចំពោះមុខភាពតានតឹងនៅក្នុងតំបន់ ជុំវិញគម្រោងដកកងទ័ពអាមេរិកចេញទាំងអស់ពីប្រទេសស៊ីរី ដែលជាអ្នកជិតខាងភាគខាងត្បូងរបស់អ៊ីស្រាអែល ខណៈអ៊ីស្រាអែលកាន់តែមានក្តីព្រួយបារម្ភខ្លាំងឡើងៗអំពីវត្តមានរបស់កងទ័ពអ៊ីរ៉ង់នៅស៊ីរី៕