(បាងកក)៖ នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន លោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃសុក្រនេះបានប្រកាសថា លោកនឹងចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតសកល នៅថ្ងៃទី២៤ ខែមីនាខាងមុខនេះ ក្នុងនាមជាបេក្ខជននាយករដ្ឋមន្ត្រី ចំពោះមុខបញ្ហាផ្សែងពុលក្នុងទីក្រុងបាងកក ដែលកំពុងបង្កបញ្ហាធំសម្រាប់លោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក ប្រយុទ្ធ ចាន់អូចា ដែលបានដណ្ដើមអំណាចពីរដ្ឋាភិបាលប្រជាធិបតេយ្យរបស់លោកស្រី យ៉ីងឡាក់ នៅក្នុងរដ្ឋប្រហារមួយកាលពីខែឧសភា ឆ្នាំ២០១៤ និងឡើងជានាយករដ្ឋមន្ត្រីថៃ បានប្រកាសនៅក្នុងសេចក្ដីថ្លែងការណ៍ថា លោកនឹងឈរឈ្មោះជា បេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សគាំទ្ររបបយោធាមានឈ្មោះថា ផាឡាង ប្រាឆារ៉ាត់ (Palang Pracharat)។ ប៉ុន្តែការប្រកាសរបស់លោក ប្រាយុទ្ធ ធ្វើឡើង ចំពេលលោកផ្ទាល់កំពុងប្រឈមមុខ នឹងការទទួលខុសត្រូវលើវិបត្តិផ្សែងពុលនៅក្នុងប្រទេសថៃ ដែលបានធ្វើឱ្យប៉ះពាល់ដល់ប្រជាប្រិយភាពរបស់លោកយ៉ាងខ្លាំង ជាពិសេសបន្ទាប់ពីត្រូវបានតុលាការកោះហៅទៅសាកសួរ ពីបញ្ហាមួយនេះកាលពីថ្ងៃព្រហស្បតិ៍។
គួរជម្រាបថា លោក ប្រាយុទ្ធ ចាន់អូចា នឹងត្រូវប្រឈមមុខជាមួយគូប្រជែងមួយដ៏សំខាន់ គឺព្រះនាងម្ចាស់ អ៊ុបុលរតនា រ៉ាចាកាន់យ៉ា (Ubolratana Rajakanya) ជាព្រះរាមរបស់ព្រះមហាក្សត្រថៃព្រះបាទ មហា វ៉ាច្ចរ៉ាឡុង (Vajiralongkorn) មកពីគណបក្ស ថៃរក្សាជាតិ (Thai Raksa Chart) ដែលជាគណបក្សមួយស្និទ្ធនឹងអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) នៅក្នុងការបោះឆ្នោតសកលនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩៕