(បាងកក)៖ ព្រះរាមរបស់ព្រះមហាក្សត្រថៃព្រះបាទ មហា វ៉ាច្ចរ៉ាឡុងកន (Vajiralongkorn) គឺព្រះនាងម្ចាស់ អ៊ុបុលរតនា រ៉ាចាកាន់យ៉ា (Ubolratana Rajakanya) នឹងចូលរួមប្រកួតប្រជែងយកតំណែងជានាយករដ្ឋមន្ត្រីនៅក្នុងការបោះឆ្នោតសកល ដែលគ្រោងនឹងប្រព្រឹត្តទៅថ្ងៃទី២៤ ខែមីនា ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩។
ការប្រកាសពីការចូលរួមនៅក្នុងការបោះឆ្នោតនេះ ត្រូវបានធ្វើឡើងដោយគណបក្ស ថៃរក្សាជាតិ (Thai Raksa Chart) នៅថ្ងៃសុក្រនេះបន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើនថា ព្រះនាងម្ចាស់ដែលមានព្រះជន្ម ៦៧វស្សានេះនឹងចូលរួមក្នុងឆាកនយោបាយ។ បន្ថែមពីនេះបើតាមគេហទំព័រ Khaosod ការប្រកាសតែងតាំងព្រះនាងម្ចាស់ Ubolratana Rajakanya ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្ស Thai Raksa Chart ក៏ត្រូវបានទទួលស្គាល់ពីនាយករដ្ឋមន្ត្រីថៃលោក ប្រយុទ្ធ ចាន់អូចា ដែលកំពុងប្រឈមមុខនឹងវិបត្តិផ្សែងពុលនៅក្នុងប្រទេសថៃ ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់ប្រជាប្រិយភាពរបស់លោក មុនការបោះឆ្នោតមកដល់។
គួរបញ្ជាក់ថា ព្រះនាងម្ចាស់ Ubolratana Rajakanya គឺជាបុត្រីច្បងនៃអតីតព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) និងម្ចាស់ក្សត្រី សិរីគិត (Sirikit)។ ប៉ុន្តែព្រះនាងបានបោះបង់ចោលតួនាទីជារាជ្យវង្សរបស់ខ្លួន កាលពីឆ្នាំ១៩៧២ ដើម្បីទៅរៀបការជាមួយជនជាតិអាមេរិកម្នាក់ឈ្មោះ ភីធើ ឡេដ ហ្សិនសិន (Peter Ladd Jensen) ដែលវាមានន័យថា ព្រះនាងគ្មានសិទ្ធិនៅក្នុងការទទួលរាជសម្បត្តិនោះឡើយ៕