(ហាណូយ)៖ ពិភពលោកទាំងមូល បានចាប់អារម្មណ៍ចំពោះវៀតណាម បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសជ្រើសរើសយកវៀតណាម ជាទីតាំងសម្រាប់ជំនួប ជាលើកទី២ របស់លោកជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un), នេះបើយោងតាមសារព័ត៌មាន CGTN ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
វៀតណាម ដែលជាម្ចាស់ផ្ទះ បានប្រកាសស្វាគមន៍ ចំពោះការសម្រេចជ្រើសរើសនេះ ហើយបានប្តេជ្ញាថា នឹងធ្វើឲ្យកិច្ចប្រជុំកំពូលនេះទទួលបានភាពជោគជ័យ។ នេះបើតាមសម្តី អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម អ្នកស្រី ឡេធី ធូហាង (Le Thi Thu Hang) ដែលបានធ្វើសេចក្តីថ្លែងការណ៍ នៅថ្ងៃពុធនេះ នៅពេលដែលឆ្លើយទៅនឹងសំណួររបស់ក្រុមអ្នកសារព័ត៌មាន ចំពោះការប្តេជ្ញាចិត្តរបស់វៀតណាម ទៅលើសុន្ទរកថារបស់លោក ដូណាល់ ត្រាំ ស្តីពីកិច្ចប្រជុំកំពូលលើកទី២ រវាងរូបលោក និងលោកគីម។
ព្រមជាមួយគ្នានោះអ្នកនាំពាក្យបានបញ្ជាក់ដែរថា «វៀតណាម គាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចពិភាក្សា ដើម្បីថែរក្សាសន្តិភាព, សន្តិសុខ និងស្ថិរភាព នៅឧបទ្វីបកូរ៉េ»។
សូមរំឮកថា មេដឹកនាំទាំងពីរ (អាមេរិក-កូរ៉េខាងជើង) បានធ្លាប់ជួបគ្នាជាលើកដំបូង នៅសិង្ហបុរី កាលពីខែមិថុនា ឆ្នាំ២០១៨កន្លងទៅ ហើយបានចុះហត្ថលេខារួមគ្នា លើឯកសារដែលផ្តោតលើបញ្ហា ៤ចំណុច ដែលក្នុងនោះរួមទាំងការប្តេជ្ញាចិត្ត ដើម្បីបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែ នៅឧបទ្វីបកូរ៉េ និងការធានាសន្តិសុខ ពីសហរដ្ឋអាមេរិកផងដែរ។ ប៉ុន្តែការអនុវត្តនៃកិច្ចព្រមព្រៀង ដែលសម្រេចបាននោះ បានដំណើរកាយឺតយ៉ាវ ចាប់តាំងពីបានចុះហត្ថលេខាមក៕