(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានលើកឡើងពីបំណងរបស់ខ្លួន ដែលចង់ឲ្យប្រទេសវេណេស៊ុយអេឡាឈប់ពឹងផ្អែកលើរុស្ស៊ី និងគុយបា បន្ទាប់ពីមានការផ្ទេរអំណាចដោយសន្តិវិធីធ្វើឡើងនៅប្រទេសអាមេរិកឡាទីនមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ ដកស្រង់ចេញពីកិច្ចសម្ភាសន៍រវាងបណ្តាញ Fox Business ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ។
លោក ម៉ៃក៍ ប៉ុមប៉េអូ បានលើកឡើងយ៉ាងដូច្នេះថា «រុស្ស៊ីក៏នៅទីនេះ ហើយគុយបាក៏នៅទីនេះ។ យើងសង្ឃឹមថា នៅពេលដែលមានការផ្ទេរអំណាចដោយសន្តិវិធីនៅវេណេស៊ុយអេឡា ដែលជាគោលដៅចម្បងបំផុតរបស់យើងនោះ ប្រជាជនវេណេស៊ុយអេឡានឹងចង់ឲ្យប្រទេសនេះមានអធិបតេយ្យភាព និងឯករាជ្យភាព ដោយមិនពឹងផ្អែកលើជនជាតិរុស្ស៊ី និងគុយបា ដើម្បីការពារសន្តិសុខ និងការរីកចំរើនរបស់ពួកគេទៀតនោះទេ...»។
គួរបញ្ជាក់ថា ក្រៅពីការលើកឡើងខាងលើនេះ រដ្ឋមន្ត្រីការបរទេសអាមេរិកក៏បានអំពាវនាវឲ្យយោធាវេណេស៊ុយអេឡាដែលស្ថិតក្រោមបញ្ជារបស់លោក ម៉ាឌូរ៉ូ អនុញ្ញាតឲ្យរថយន្តដឹកជំនួយអន្តរជាតិដឹកនាំដោយអាមេរិក ចូលទៅកាន់វេណេស៊ុយអេឡាដើម្បីជួយសង្គ្រោះជនទុរភិក្សផងដែរ ខណៈរថយន្ត និងនាវាដឹកជំនួយទាំងអស់ត្រូវបានឃាត់នៅព្រំដែន ដោយសាររដ្ឋាភិបាលចាត់ទុកទង្វើអាមេរិកនេះ ជាចេតនាឈ្លានពាន៕