(វ៉ាស៊ីនតោន)៖ អគ្គរដ្ឋទូតនៃសាធាណរដ្ឋប្រជាមានិតចិនប្រចាំសហរដ្ឋអាមេរិក លោក គុយ ធានកៃ (Cui Tiankai) បានលើកឡើងថា ប្រទេសចិន និងអាមេរិក គ្មានជម្រើសអ្វីដែលប្រសើរជាងកិច្ចសហប្រតិបត្តិការរវាងគ្នានោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩។
ការលើកឡើងរបស់អគ្គរដ្ឋទូតចិនខាងលើនេះ គឺធ្វើឡើងមួយថ្ងៃបន្ទាប់ពីអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងតូក្យូ លោក វីលៀម ហាហ្គើធី (William Hagerty) បានផ្តល់បទសម្ភាសន៍ដល់កាសែតក្នុងស្រុកជប៉ុន អំពីអ្វីដែលជប៉ុន និងអាមេរិកបាននិងកំពុងធ្វើ ដើម្បីបើកទូលាយសេដ្ឋកិច្ចទីផ្សារសេរី នៃប្រទេសមហាយក្សសេដ្ឋកិច្ចទាំងពីរ ប៉ុន្តែនៅក្នុងនោះលោក William ក៏មិនភ្លេចដែរក្នុងការរិះគន់ប្រទេសចិនលើវិស័យពាណិជ្ជកម្ម និងយោធាជាដើម ដែលលោកចាត់ទុកជាបញ្ហាប្រឈមធំបំផុតសម្រាប់ជប៉ុន និងអាមេរិក។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងចិនជាប្រទេសសេដ្ឋកិច្ចធំបំផុតទាំងពីរលើលោក ខណៈជប៉ុនឈរនៅលេខរៀងទី ៣ ហើយបើបូកទំហំសេដ្ឋកិច្ចប្រទេសទាំងបីនេះចូលគ្នា គឺស្មើនឹងជាង ៤០%ទៅហើយ នៃទំហំសេដ្ឋកិច្ចសកល។ បន្ថែមពីនេះការផ្ទុះសង្គ្រាមសេដ្ឋកិច្ចរវាងចិន និងអាមេរិក បាននិងកំពុងធ្វើឲ្យប៉ះពាល់ជារួមដល់ទីផ្សារសេដ្ឋកិច្ចពិភពលោក ដែលបណ្តាប្រទេសទាំងអស់បានអំពាវនាវឲ្យមហាយក្សទាំងពីរ ដោះស្រាយជម្លោះនេះប្រកបដោយប្រសិទ្ធភាព៕