(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានទាមទារឲ្យយោធាវេណេស៊ុយអេឡា អនុញ្ញាតឲ្យក្រុមផ្តល់ជំនួយអន្តរជាតិ ចូលទៅក្នុងប្រទេសវេណេស៊ុយអេឡា ខណៈយោធាដែលស្មោះស្ម័គ្រនឹងលោក នីកូឡាស់ ម៉ាឌូរ៉ូ ទាំងនោះចោទប្រកាន់ថា ក្បួនដឹកជំនួយរបស់អាមេរិក និងប្រទេសផ្សេងទៀតនោះ មានចេតនាឈ្លានពាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន France 24 នារសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក ប៉ុមប៉េអូ បានសរសេរនៅក្នុងបណ្តាញសង្គម Twitter របស់លោកយ៉ាងដូច្នេះថា «ប្រជាជនវេណេស៊ុយអេឡាពិតជាត្រូវការជំនួយជាចាំបាច់។ ដូច្នេះសហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងទៀតបានព្យាយាមជួយហើយ ប៉ុន្តែយោធាវេណេស៊ុយអេឡា ដែលស្ថិតនៅក្រោមបញ្ជារបស់លោក ម៉ាឌូរ៉ូ កំពុងតែរារាំងរថយន្ត និងនាវាដឹកជំនួយទាំងនោះ...។ របប ម៉ាឌូរ៉ូ ត្រូវតែអនុញ្ញាតឲ្យជំនួយ ត្រូវដឹកជញ្ជូនទៅដល់ជនទុរភិក្ស...»។
គួរបញ្ជាក់ថា ការដឹកជញ្ជូនជំនួយដឹកនាំដោយអាមេរិក និងបណ្តាប្រទេសធំៗនៅតំបន់អាមេរិកឡាទីននេះ គឺក្រោយពីមានការអំពាវនាវដោយមេបក្សប្រឆាំងក្នុងប្រទេសវេណេស៊ុយអេឡាលោក ជូអាន ហ្គៃដូ ឲ្យប្រទេសទាំងអស់ផ្តល់ជំនួយទៅកាន់ប្រជាជនអត់ឃ្លានជាច្រើន ដែលកំពុងរងគ្រោះដោយវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។
លោក ហ្គៃដូ គឺត្រូវបានសហរដ្ឋអាមេរិក បណ្តាប្រទេសនៅទ្វីបអាមេរិកខាងជើង-ខាងត្បូង និងអឺរ៉ុបមួយចំនួនផងដែរ ប្រកាសទទួលស្គាល់ជាប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា និងអំពាវនាវឲ្យរបបដឹកនាំរបស់លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ រៀបចំការបោះឆ្នោតឡើងវិញ ប៉ុន្តែលោក ម៉ាឌូរ៉ូ មិនទទួលយកនោះឡើយ៕