(វ៉ាស៊ីនតោន)៖ គ្មានអ្វីត្រូវងឿងឆ្ងល់ទៀតនោះឡើយ ដោយពេលនេះសេតវិមានទីក្រុងវ៉ាស៊ីនតោនបានប្រកាសហើយថា ជំនួបកំពូលលើកទីពីររវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំកំពូលផុតលេខកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងប្រព្រឹត្តទៅនៅក្នុងប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយ Channel News Asia នាព្រឹកថ្ងៃពុធ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩។
សេចក្តីប្រកាសខាងលើនេះ គឺត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេលដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ធ្វើពិធីថ្លែងសារទៅកាន់ប្រជាជាតិសម្រាប់ឆ្នាំ២០១៩ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី០៥ ខែកុម្ភៈនេះតែម្តង។ លោក ត្រាំ បានបញ្ជាក់យ៉ាងដូច្នេះទៀតថា «ប្រសិនបើរូបខ្ញុំមិនត្រូវបានបោះឆ្នោត ឲ្យឡើងធ្វើជាប្រធានាធិបតីទេនោះ យើង (កូរ៉េខាជើង និងអាមេរិក) ប្រាកដជាកំពុងស្ថិតនៅក្នុងសង្គ្រាម ដ៏ធំសម្បើមមួយហើយនាពេលនេះ...»។
គួរបញ្ជាក់ថា ថ្វីត្បិតតែលោក ត្រាំ សម្រេចជ្រើសរើសប្រទេសវៀតណាម ដែលត្រូវបានគេមើលឃើញថា សាកសមជាងគេសម្រាប់ប្រមុខដឹកនាំ ប្រទេសទាំងសងខាងជួបគ្នាក៏ដោយ ក៏ទីតាំងជាក់លាក់មិនត្រូវបានប្រកាសឲ្យដឹងដដែល ប៉ុន្តែកន្លងមកនេះធ្លាប់មានការលើកឡើងថា ទីក្រុងហាណូយ គឺជាកន្លែងដែលសាកសមជាងគេ បើសិនជាជំនួបកំពូលត្រាំ-គីមលើកទីពីរ នឹងត្រូវប្រារព្ធឡើងនៅប្រទេសវៀតណាមនោះ៕