(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ បុរសពីរនាក់បានបង្កភាពភ្ញាក់ផ្អើលឈូឆរនៅទីក្រុងហុងកុង កាលពីថ្ងៃអាទិត្យម្សិលមិញ តាមរយៈការតុបតែងខ្លួនដូចមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និង ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ៕
២៖ ក្រុមអ្នកតាក់តែងច្បាប់នៃប្រទេសអ៊ីរ៉ាក់ កំពុងគ្រោងរៀបចំនូវសេចក្តីព្រាងច្បាប់មួយ ដើម្បីបញ្ចប់វត្តមានយោធាអាមេរិក និងបរទេសដទៃទៀតនៅក្នុងប្រទេសនេះ៕
៣៖ អាជ្ញាធរអាមេរិកនៅថ្ងៃចន្ទនេះបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ០២នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង លើផ្ទះមួយខ្នងក្នុងរដ្ឋកាលីហ្វ័រញ៉ា ភាគខាងលិចសហរដ្ឋអាមេរិក៕
៤៖ សហរដ្ឋអាមេរិកនឹងបញ្ជូនកងទ័ពបន្ថែម ៣,៧៥០នាក់ទៅកាន់តំបន់ព្រំដែនរបស់ខ្លួនជាប់ជាមួយម៉ិចស៊ីកូ ខណៈមានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ថាកងទ័ពអាមេរិកជិត៥,០០០នាក់ នឹងត្រូវបានបញ្ជូនទៅកាន់ប្រទេសកូឡុំប៊ី ដើម្បីត្រៀមធ្វើ ប្រតិបត្តិការយោធាផ្ដួលរំលំរបបដឹកនាំប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ៕
៥៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ នឹងចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមួយ ស្ដីពីការដោះស្រាយវិបត្តិនៅក្នុងប្រទេសវេណេស៊ុយអេឡា ដែលរៀបចំឡើងនៅក្នុងទីក្រុង អូតាវ៉ា (Ottawa) ប្រទេសកាណាដា៕
៦៖ ទីបំផុតចក្រភពអង់គ្លេស អេស៉្បាញ បារាំង និងស៊ុយអែត នាថ្ងៃចន្ទនេះបានសម្រេចទទួលស្គាល់មេបក្សប្រឆាំងវេណេស៊ុយអេឡា លោក Juan Guaido ជាប្រធានាធិបតីស្តីទីស្របច្បាប់នៃប្រទេសអាមេរិកឡាទីនមួយនេះ៕