(អឺរ៉ុប)៖ ទីបំផុតចក្រភពអង់គ្លេស អេស៉្បាញ បារាំង និងស៊ុយអែត នាថ្ងៃចន្ទនេះបាន​សម្រេចទទួលស្គាល់មេបក្សប្រឆាំង​​​វេណេ​ស៊ុយអេឡា លោក Juan Guaido ជាប្រធានាធិបតីស្តីទី​ស្របច្បាប់នៃប្រទេសអាមេរិកឡាទីនមួយនេះ។ នេះបើតាមការដក​ស្រង់​ការ​ផ្សាយ​​ចេញពីទីភ្នាក់ងារព័ត៌មានបារាំង AFP នៅរសៀលថ្ងៃចន្ទ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩។

ការប្រកាសទទួលស្គាល់ខាងលើរបស់ប្រទេសអឺរ៉ុបទាំង៤ធ្វើឡើង បន្ទាប់ពីប្រធានាធិបតីវេណេស៊ុយអេឡា​ លោក នីកូឡាស់ ម៉ាឌូរ៉ូ មិនព្រមធ្វើ​តាមឱសានវាទ​កាលពីថ្ងៃទី២៦ ខែមករា របស់អឺរ៉ុប ដែលបានកំណត់ពេល០៨ថ្ងៃ ឲ្យ​លោក ម៉ាឌូរ៉ូ​ រៀប​ចំការ​បោះ​​ឆ្នោត​ជ្រើសរើសប្រធានាធិបតីឡើងវិញសាជាថ្មី។ មិនតែប៉ុណ្ណោះ ប្រទេសអឺរ៉ុបទាំង០៤ ក៏បានជំរុញឲ្យ លោក Guaido រៀបចំការបោះឆ្នោត​មួយដែលសេរីនិងតម្លាភាព​ឲ្យបានឆាប់ៗផងដែរ។

គួរជម្រាបថា ក្រោយលោក Juan Guaido ប្រកាសតែងតាំងខ្លួនជាប្រធានាធិបតីស្តីទី​នៃប្រទេសវេណេស៊ុយអេឡា ​អាមេរិក​និងសម្ព័ន្ធមិត្តមួយចំនួនរបស់ទីក្រុងវ៉ាស៊ីនតោន​នៅអាមេរិកឡាទីន បានចេញមុខទទួលស្គាល់ លោក Guaido ភ្លាមៗ ខណៈ​លោក ម៉ាឌូរ៉ូ នៅ​រក្សា​​បានការគាំទ្រពីរុស្ស៊ី ចិន តួកគី និងយោធាវេណេស៊ុយអេឡាផ្ទាល់៕