(ហុងកុង)៖ បុរសពីរនាក់បានបង្កភាពភ្ញាក់ផ្អើលឈូឆរនៅទីក្រុងហុងកុង កាលពីថ្ងៃអាទិត្យម្សិលមិញ តាមរយៈការតុបតែងខ្លួនដូចមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និង ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន South China Morning Post នៅរសៀលថ្ងៃចន្ទ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩។
បុរសម្នាក់ដែលជាតារាសម្តែងវ័យ ៥៤ឆ្នាំមកពីប្រទេសហ្វីលីពីន និងត្រូវគេស្គាល់ដោយឈ្មោះថា Cresencio Extreme បានបង្កភាពភ្ញាក់ផ្អើលក៏ដូចជាភ័ន្តច្រឡំជាខ្លាំង នៅពេលលោកបានបង្ហាញខ្លួន នៅតាមទីសាធារណៈដែលមានមនុស្សជួបជុំអ៊ូរអរ និងនៅកន្លែងហាងលក់អាហារទាន់ចិត្ត ព្រមទាំងព្រះវិហារគ្រិស្តជាដើម។ ដោយឡែកអ្នកអមដំណើរជាមួយគ្នាដែរ គឺបុរសម្នាក់ទៀតឈ្មោះ Howard X ដែលតែងខ្លួនដូចលោក គីម ជុងអ៊ុន និងជាអ្នករស់នៅទីក្រុងហុងកុងផ្ទាល់។
គួរជម្រាបថា ទីក្រុងហុងកុងមានជនជាតិហ្វីលីពីនរស់នៅប្រមាណ ២០០,០០០នាក់ ដោយភាគច្រើនជាស្រ្តីដែលបម្រើការងារតាមផ្ទះ។ បច្ចុប្បន្នបុគ្គលមួយចំនួនបានឆ្លៀតច្បាមយកភាពល្បីល្បាញរៀងៗខ្លួន តាមរយៈមុខមាត់ពួកគេដែលស្រដៀងមេដឹកនាំពិភពលោកល្បីៗក្នុងនោះមានអ្នកមុខដូចលោក គីម ជុងអ៊ុន, លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ ជាដើម៕