(វ៉ាស៊ីនតោន)៖ អាជ្ញាធរអាមេរិកនៅថ្ងៃចន្ទនេះបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ០២នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង លើផ្ទះមួយខ្នងក្នុងរដ្ឋកាលីហ្វ័រញ៉ា ភាគខាងលិចសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩។
យោងតាមអាជ្ញាធរនៅក្នុងតំបន់ យន្ដហោះខ្នាតតូចប្រភេទេ Cessna 414A បានធ្លាក់លើផ្ទះមួយខ្នងនៅតំបន់ អូរ៉េង ខោនធី (Orange County) នៃទីក្រុង យរបា លីនដា (Yorba Linda) ដោយបង្កឱ្យមានភ្លើងឆេះនៅម៉ោងប្រមាណជា ២៖០០នាទីរសៀលថ្ងៃអាទិត្យ (ម៉ោងនៅអាមេរិក)។ ចំណែកឯមនុស្ស ០២នាក់ផ្សេងទៀតក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។
គួរបញ្ជាក់ថា អត្តសញ្ញាណអ្នកស្លាប់មិនទាន់ត្រូវបានកំណត់នៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង ហើយចំនួនអ្នកជិះនៅលើយន្ដហោះខ្នាតតូចខាងលើ មិនមានការបញ្ជាក់ឱ្យច្បាស់ដែរ៕