(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ នឹងចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមួយ ស្ដីពីការដោះស្រាយវិបត្តិនៅក្នុងប្រទេសវេណេស៊ុយអេឡា ដែលរៀបចំឡើងនៅក្នុងទីក្រុង អូតាវ៉ា (Ottawa) ប្រទេសកាណាដា។ នេះបើតាមក្រសួងការបរទេសអាមេរិក ដកស្រង់ការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសអាមេរិក បានឱ្យដឹងយ៉ាងដូច្នេះថា «នៅម៉ោង ១១៖១៥នាទីព្រឹកថ្ងៃចន្ទ (ម៉ោងក្នុងតំបន់) លោករដ្ឋមន្ត្រី ប៉ុមប៉េអូ នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលីម៉ា (Lima Group) លើកទី ១០ នៅទីក្រុង Ottawa ប្រទេសកាណាដាតាមរយៈវីដេអូ Conference ចេញពីក្រសួងការបរទេសអាមេរិក»។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសនៃ Lima Group នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី ១០ ក្នុងទីក្រុង Ottawa ប្រទេសកាណាដា នៅថ្ងៃចន្ទ ដើម្បីស្វែងរកដំណោះស្រាយសម្រាប់វិបត្តិវេណេស៊ុយអេឡា។ Lima Group គឺស្ថាប័នមួយដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៧ នៅទីក្រុង Lima ប្រទេសប៉េរូ ក្នុងគោលបំណងរកដំណោះស្រាយសន្តិភាព ឱ្យប្រទេសវេណេស៊ុយអេឡា៕