(វ៉ាស៊ីនតោន)៖ ប្រធានគណៈកម្មាធិការត្រួតពិនិត្យវិស័យយោធា នៃព្រឹទ្ធសភាអាមេរិក ជីម អ៊ីនហូហ្វ (Jim Inhofe) បានលើកឡើងថា យោធាអាមេរិកត្រូវការការវិនិយោគឲ្យច្រើនថែមទៀត ដោយសារតែបច្ចុប្បន្នទីក្រុងវ៉ាស៊ីនតោនកំពុងមានការធ្លាក់ចុះអំណាចយោធារបស់ខ្លួន ធៀបនឹងគូប្រជែងដូចជារុស្ស៊ី និងចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក Jim Inhofe បាននិយាយថា សហរដ្ឋអាមេរិកបាន និងកំពុងបាត់បង់នូវឥទ្ធិពលទាំងផ្នែកសព្វាវុធធម្មតា និងសព្វាវុធដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ រួមមានដូចជា AI (Artificial Intelligence), អាវុធលឿនជាងសំឡេង, និងសូម្បីតែប្រភេទអាវុធប្រើថាមពលជាដើម។
លោក Inhofe បានបន្តថា សហរដ្ឋអាមេរិកបានទទួលជ័យជម្នះក្នុងសង្រ្គាមលោកទាំងពីរលើក គឺដោយសារតែឫទ្ធអំណាចយោធាដ៏អស្ចារ្យលើសគេរបស់ខ្លួន ដោយកាលពីចុងសម័យសង្រ្គាមត្រជាក់ក្រសួងការពារជាតិអាមេរិក មានយន្តហោះចម្បាំង និងយោធាច្រើនជាងចំនួនយន្តហោះរួមបញ្ចូលគ្នារវាងរុស្ស៊ីនិងចិនទៅទៀត។
ក៏ប៉ុន្តែក្រោយការដួលរលំនៃសហភាពសូវៀត អាមេរិកក៏បានធ្លាក់ចុះឥទ្ធិពលពីមួយឆ្នាំទៅមួយឆ្នាំ រហូតមកទល់ពេលនេះ។ ទាក់ទិននឹងកញ្ចប់ថវិកាសម្រាប់វិស័យការពារជាតិអាមេរិកនៅឆ្នាំ២០២០ ត្រូវគេរំពឹងថា នឹងមានការកើនឡើងលើសពីចំនួនបច្ចុប្បន្ន ដែលមានទំហំប្រមាណ ៧៥០ពាន់លានដុល្លារ។
គួរជម្រាបថា នៅក្នុងផែនការយុទ្ធសាស្រ្តការពារមីស៊ីលរបស់សហរដ្ឋអាមេរិក ដែលដាក់ចេញកាលពីពាក់កណ្តាលខែមករា ប្រទេសរុស្ស៊ី និងចិន ត្រូវបានចាត់ទុកថា អាចជាគូសត្រូវចម្បងបំផុតសម្រាប់ទីក្រុងវ៉ាស៊ីនតោន ដែលមានសមត្ថភាពបើកការវាយប្រហារនុយក្លេអ៊ែរ មកលើទឹកដីអាមេរិកបាន ខណៈអ៊ីរ៉ង់ និងកូរ៉េខាងជើងបានធ្លាក់ទៅបង្កោមលេខរៀងទីពីរវិញ៕