(បាកដាដ)៖ ក្រុមអ្នកតាក់តែងច្បាប់នៃប្រទេសអ៊ីរ៉ាក់ កំពុងគ្រោងរៀបចំនូវសេចក្តីព្រាងច្បាប់មួយ ដើម្បីបញ្ចប់វត្តមានយោធាអាមេរិក និងបរទេសដទៃទៀតនៅក្នុងប្រទេសនេះ។ នេះបើតាមសម្តីអនុប្រធានទីមួយនៃសភាអ៊ីរ៉ាក់ លោក ហាស្សាន ការីម អាល់ខាអាប៊ី (Hassan Karim al-Kaabi) ដកស្រង់ខ្លឹមសារដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក Kaabi បាននិយាយថា នៅក្នុងអង្គប្រជុំបន្ទាប់សភាអ៊ីរ៉ាក់នឹងធ្វើការទៅលើសេចក្តីព្រាងច្បប់មួយ ដែលនឹងរួមមានការបិទបញ្ចប់នូវកិច្ចព្រមព្រៀងផ្នែកសន្តិសុខជាមួយសហរដ្ឋអាមេរិក ព្រមទាំងការបញ្ចប់វត្តមានមន្រ្តីយោធាផ្នែកហ្វឹកហាត់ និងប្រឹក្សាយោបល់របស់អាមេរិកក៏ដូចជាបរទេសដទៃទៀត។
គួរជម្រាបថា សេចក្តីថ្លែងការណ៍ខាងលើនេះ កើតមានឡើងចំពេលដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងពាក់ព័ន្ធនឹងស្ថានការណ៍នៅប្រទេសអ៊ីរ៉ាក់។ និយាយឲ្យចំទៅគឺលោក ត្រាំ បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនចង់រក្សាកម្លាំងយោធារបស់ខ្លួននៅអ៊ីរ៉ាក់ ដើម្បីអនុញ្ញាតឲ្យសហរដ្ឋអាមេរិកបន្តឃ្លាំមើលសកម្មភាពរបស់អ៊ីរ៉ង់៕