(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនឹងបញ្ជូនកងទ័ពបន្ថែម ៣,៧៥០នាក់ទៅកាន់តំបន់ព្រំដែនរបស់ខ្លួនជាប់ជាមួយម៉ិចស៊ីកូ ខណៈមាន​សេចក្ដីរាយការណ៍ជាបន្តបន្ទាប់ថាកងទ័ពអាមេរិកជិត៥,០០០នាក់ នឹងត្រូវបានបញ្ជូនទៅកាន់ប្រទេសកូឡុំប៊ី ដើម្បីត្រៀមធ្វើ ប្រតិបត្តិការយោធាផ្ដួលរំលំរបបដឹកនាំប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩។

ការបញ្ជូនកងទ័ពបន្ថែមធ្វើឡើងតាមបទបញ្ជារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញការរក្សាសន្តិសុខនៅឯតំបន់​ព្រំដែន។ មន្ទីរបញ្ចកោណបានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនដូច្នេះថា៖«ក្រសួងការពារជាតិអាមេរិកនឹងបញ្ជូន​កងទ័ពបន្ថែម ៣,៧៥០នាក់ដើម្បីជួយដល់អាជ្ញាធរព្រំដែនក្នុងការរក្សាសន្តិសុខ និងទប់ស្កាត់លំហូរចូលជនអន្តោប្រវេសន៍ខុសច្បាប់​មកពីបណ្ដាប្រទេសអាមេរិកកណ្ដាល»។ សេចក្ដីថ្លែងការណ៍បានឱ្យដឹងទៀតថា តាមរយៈការបញ្ជូនកងទ័ពបន្ថែមនេះនឹងធ្វើឱ្យ​ចំនួនកងទ័ពនៅតំបន់ព្រំដែនជាប់ជាមួយម៉ិចស៊ីកូ នឹងកើនដល់ ៤,៣៥០នាក់។

ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ ការសម្រេចចិត្តនេះកើតមានឡើងចំពេលមានពាក្យចចាមអារ៉ាមជាច្រើនថាសហរដ្ឋអាមេរិក​ត្រៀមបញ្ជូនកងទ័ពជិត៥,០០០នាក់ ទៅកាន់ប្រទេសកូឡុំប៊ី ដើម្បីធ្វើប្រតិបត្តិការយោធាទម្លាក់លោក ម៉ាឌូរ៉ូ ចេញពីអំណាច។ លើសពីនេះទៀត កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានអះអាងដែរថាការប្រើប្រាស់កម្លាំងយោធា គឺជាជម្រើសមួយនៅក្នុងប្រទេសវេណេស៊ុយអេឡា៕