(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលស្គាល់ថា ក្រុម ISIS និងពួកភេរវករឯទៀត​ៗ អាច​មាន​ឱកាសប្រមូលផ្តុំកម្លាំងពួកគេឡើងវិញ នៅស៊ីរីនិងអាហ្វហ្គានីស្ថាន ប្រសិនបើលោកដកឬក៏កាត់បន្ថយចំនួនកងទ័ពនៅក្នុង​ប្រទេសទាំងពីរ ប៉ុន្តែបានបញ្ជាក់ថាលោកនឹងបញ្ជូន​​យោធាអាមេរិកត្រឡប់ទៅវិញភ្លាមៗ បើសិនរឿងនេះកើតឡើងពិតមែន​​។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN នៅយប់ថ្ងៃអាទិត្យ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក ត្រាំ ដែលកាលពីខែធ្នូ ឆ្នាំ២០១៨ បានប្រកាសថា រូបលោកបានបង្គាប់ឲ្យមានការរៀបចំដកកម្លាំងទ័ពទាំងអស់ចេញ​ពី​ទឹកដីនៃប្រទេសស៊ីរី​ឲ្យបានលឿនតាមតែអាចធ្វើទៅរួចនោះ បានធ្វើឡើងលើកឡើងខាងលើនៅក្នុងកិច្ចសម្ភាសន៍មួយ​ជាមួយ​ជាមួយសារព័ត៌មានអាមេរិក CBS។​ ម៉្យាងវិញទៀត លោក ដូណាល់ ត្រាំ បានបន្ថែមថា ទោះជាបែបនេះក្តី យោធាអាមេរិក​នៅ​តែកំពុង​ធ្វើការប្រយុទ្ធប្រឆាំងនឹង ISIS ពីមូលដ្ឋានរបស់ខ្លួននៅអ៊ីរ៉ាក់ដដែលទេ ហើយ​ទ័ព​មួយចំនួន​នឹង​ចេញពីស៊ីរី ក៏នឹងត្រូវ​ផ្លាស់​ទៅ​កាន់អ៊ីរ៉ាក់ផងដែរ។

គួរជម្រាបថា ថ្មីៗនេះបើតាមសេចក្តីរាយការណ៍របស់ CNN ក្រសួងការពារជាតិអាមេរិកជឿជាក់ថា ក្រុម ISIS អាចនឹងងើប​ឡើងវិញ ហើយ​ដណ្តើមកាន់កាប់​ដែនដី​នៅក្នុងប្រទេសស៊ីរី ដោយប្រើពេលត្រឹមប៉ុន្មានខែប៉ុណ្ណោះ ប្រសិន​បើ​អាមេរិក​មិនបន្ត​រក្សាសម្ពាធយោធាលើ​ក្រុមភេរវករនេះទេនោះ៕