(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា ការបញ្ជូនកម្លាំងយោធាទៅកាន់ប្រទេសវេណេស៊ុយអេឡា នៅតែជាជម្រើសមួយដដែល សម្រាប់វិបត្តិដ៏តានតឹងផ្នែកនយោបាយនៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃអាទិត្យ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩។
ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានអាមេរិក CBS News លោក ដូណាល់ ត្រាំ បាននិយាយថា ការធ្វើអន្តរាគមន៍យោធាសម្រាប់វិបត្តិនយោបាយបច្ចុប្បន្ន នៅវេណេស៊ុយអេឡា គឺជាជម្រើសមួយ។ នាឱកាសនោះដែរ លោក ត្រាំ បានបង្ហើបឲ្យដឹងទៀតថា ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ធ្លាប់បានស្នើមកលោកសុំជួបមុខគ្នា ក៏ប៉ុន្តែត្រូវលោកបដិសេធ។
គួរជម្រាបថា បច្ចុប្បន្នប្រទេសវេណេស៊ុយអេឡា កំពុងបន្តប្រឈមុខជាមួយវិបត្តិនយោបាយ ដែលកាន់តែតានតឹងខ្លាំងឡើង បន្ទាប់ពីមេបក្សប្រឆាំង លោក Juan Guaido បានប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីស្តីទី ហើយទទួលបានការគាំទ្រភ្លាមៗពីសហរដ្ឋអាមេរិកព្រមទាំងសម្ព័ន្ធមិត្តមួយចំនួនរបស់ទីក្រុងវ៉ាស៊ីនតោន៕