(ពិភពលោក)៖ មុនពេលអាមេរិក​ក្បត់ជនជាតិឃឺដ នៅប្រទេស ស៊ីរី សហរដ្ឋអាមេរិក​ក៏​ធ្លាប់​បាន​បោះបង់ចោល​ប្រជាជនកម្ពុជា និង​វៀតណាម​នៅទសវត្សរ៍ឆ្នាំ១៩៧០ ដោយ​បណ្តោយ​ទៅ​តាម​ជោគវាសនា​មិន​ខ្វល់​អ្វី​ទាំង​អស់​។

ការ​សម្រេច​ចិត្ត​​របស់​ប្រធានាធិបតី​អាមេរិក លោក​ ដូណាល់ ត្រាំ ​ក្នុង​ការ​ដក​កងទ័ព​​ទាំងអស់​ចេញពីប្រទេសស៊ីរី ប្រៀប​បាន​នឹង​សារ​ក្រើន​រំឭក​ដ៏​សំខាន់​ថ្មី​មួយទៀត ដល់​​បណ្តា​អ្នក​ដែល​ជឿ​ទុក​ចិត្ត​លើការធានា និង​ការ​សន្យា​​របស់​​សហរដ្ឋអាមេរិក​ថា ​កំពុង​​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​។

ខណៈ​ដែល​នាយ​ឧត្តម​សេនីយ៍ និង​សម្ព័ន្ធមិត្ត​នៅ​អឺរ៉ុប កំពុង​បារម្ភពីផលប៉ះពាល់ភូមិសាស្ត្រនយោបាយ បណ្តាល​មកពី​ការ​ផ្លាស់​ប្តូរ​​ចិត្ត​ភ្លាម​ៗ​​របស់​ប្រធានាធិបតី​រូបនេះ​នោះ កងកម្លាំងឃឺដ​​គាំទ្រ​ដោយ​អាមេរិក​ ដែល​កំពុងប្រយុទ្ធ​នឹង​ពួកឧទ្ទាម​រដ្ឋឥស្លាម​ នៅ​ក្នុង​ទឹកដី​នៃ​ប្រទេស អ៊ីរ៉ាក់ និង​​ភាគពាយព្យប្រទេសស៊ីរី ​ជា​អ្នក​ដែល​ទទួល​រងការ​ឈឺ​ចាប់​ជាងគេ។ ស្ថិត​ក្នុង​ស្ថានភាព​នេះ វា​ច្បាស់​ណាស់​ថា ប្រទេសតួកគី ដែល​កន្លង​មក​តែងតែ​ចាត់​ទុក​​ពួក​ឃឺដ​ជា​ភេរវករ នឹង​វាយ​ប្រហារ​បោស​សម្អាត​​​ពួក​ឃឺត ​ដែល​គ្មាន​សហរដ្ឋអាមេរិកនៅ​ពី​ក្រោយ​ដូច​មុន។

ដោយ​​មាន​សហរដ្ឋអាមេរិក​​នៅ​ពីក្រោយ​ខ្នង ផ្តល់​មូល​និធិ ការ​ហ្វឹកហាត់ ព្រមទាំង​បំពាក់អាវុធ​ឱ្យ​​នោះ ជនជាតិឃឺដ ច្បាស់​ជា​ត្រូវ​សង​អាមេរិក​វិញ​ដោយ​ឈាម​។ ​ជាការ​ពិត​លោក ត្រាំ បាន​សម្រេច​​តាម​ការ​សន្យា​ក្នុង​យុទ្ធនាការឃោសនា​បោះឆ្នោត ដោយ​ការ​ដក​ទ័ពអាមេរិក​ចេញ​ពី​ស៊ីរី ប៉ុន្តែចំពោះជនជាតិឃឺដ វា​​ហាក់​ដូច​ជា​លោក ត្រាំ ​កំពុង​យក​កាំបិត​ចាក់ពួកគេនៅខាងក្រោយ​ខ្នង​ដូច្នោះ​ដែរ ​នេះ​ជា​អ្វី​ដែល​​ជនជាតិ​ឃឺដ តែង​និយាយ​ដោយ​បើក​ចំហជាច្រើន​លើក​តាម​ប្រព័ន្ធផ្សព្វផ្សាយពិភពលោក។

នេះ​ជា​មេរៀន​សម្រាប់​ប្រទេស កូរ៉េខាងត្បូង ជប៉ុន និងតៃវ៉ាន់ ដែល​ជា​សម្ព័ន្ធ​មិត្ត​ជិត​ស្និត​របស់​បង​ធំ​មួយនេះ ដែល​ចាំ​បាច់ត្រូវតែឃ្លាំមើលការ​វិវឌ្ឍន៍នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់ ព្រោះ​វា​ជា​ទង្វើ​​បំពាន​ដល់​ទំនុក​ចិត្ត​ដ៏​​គួរ​ឱ្យ​បារម្ភ​បំផុត។ ដូច្នេះ​ប្រទេស​សេដ្ឋកិច្ចដទៃទៀតនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលសហរដ្ឋអាមេរិក​កំពុង​លួងលោម​ដោយ​ការ​ក្លែងបន្លំ​នោះ ទំនង​​គ្រាន់​ជា​ឧបករណ៍​របស់​អាមេរិក​ដើម្បី​គ្រាន់​តែ​ទប់ស្កាត់​ការ​កើនឡើង​នូវ​ឥទ្ធិពល​នៃប្រទេសចិន​ក៏​អាច​ថា​បាន។

រឿង​មួយ​ដែល​រដ្ឋាភិបាល ក្រុងសេអ៊ូល និង​តូក្យូ មិន​គួរ​ភ្លេច​​គឺ​ភ្លាម​ៗបន្ទាប់​ពីលោកប្រធានាធិបតី ត្រាំ ជួបមេដឹកនាំកូរ៉េខាងជើង លោក គឹម ជុងអ៊ុន នៅក្នុងប្រទេសសិង្ហបុរី កាលពីខែមិថុនា​កន្លងទៅនេះ ប្រធានាធិបតី​រូបនេះ ស្រាប់​តែ​បានលុបចោលសមយុទ្ធយោធាដែល​ធ្លាប់​អនុវត្ត​រវាងកងកម្លាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក​ជា​យូរ​ណាស់​មក​ហើយ។ នេះ​គឺ​ជា​ឧទាហរណ៍​មួយ​បង្ហាញ​ថា សហរដ្ឋអាមេរិក​អាច​ធ្វើ​អ្វី​ភ្លាម ​ដែល​​រដ្ឋាភិបាល​ក្រុង សេអ៊ូល មិន​អាច​កត់សម្គាល់​មុន​បាន​ឡើយ។

បច្ចុប្បន្នសំណួរ​ថា ​តើ​អាមេរិក​ជាសម្ព័ន្ធមិត្ត​ដែល​អាច​​ទុក​ចិត្ត​បាន​ឬទេ? កំពុង​ក្លាយ​ជា​សំណួរ​ដ៏​​សំខាន់ ហើយ​មិន​ច្បាស់​ថា​ តើ​​រដ្ឋាភិបាល​ទីក្រុងសេអ៊ូល និងតូក្យូ យល់​យ៉ាង​ណា​នោះទេ។ ទុក​ចិត្ត​ឬអត់ យើង​អាច​សង្កេត​មើល​​ទង្វើ​ថ្មី​នេះ​ៗ​របស់​ប្រទេស​ទាំង​ពីរ។ ជាក់​ស្តែង​កូរ៉េខាងត្បូង​ហាក់​បន្ទន់​ឥរិយាបថ​យ៉ាង​ប្លែកចំពោះ​កូរ៉េខាងជើង ខណៈដែល​រដ្ឋាភិបាលក្រុងតូក្យូ ក៏​បាន​បង្ហាញ​សញ្ញា​ពី​បំណង​ក្នុង​ការ​ចង់​បង្កើន​ទំនាក់ទំនង​ល្អ​ទៅ​កាន់​រដ្ឋាភិបាល​ក្រុងប៉េកាំង ផងដែរ។

បញ្ហា​នេះ​ដែរ តៃវ៉ាន់​​ក៏​គួរ​តែ​កត់​សម្គាល់​ពី​គ្រោះថ្នាក់​ដែល​កំពុង​រង់ចាំ​ខ្លួន ប្រសិនបើតៃវ៉ាន់ នៅ​តែ​​បន្ត​អនុញ្ញាតឱ្យសហរដ្ឋអាមេរិក ប្រើប្រាស់​​ខ្លួន​ធ្វើ​ជា​កូនអុក ដើម្បីគ្រប់គ្រងយុទ្ធសាស្ត្រ​លើប្រទេសចិន។ ការណ៍​ដែល​រដ្ឋបាល​លោក ត្រាំ បោះបង់​សម្ព័ន្ធ​មិត្តរបស់ខ្លួននៅក្នុងប្រទេសស៊ីរី គឺជា​ការ​ក្រើន​រំឭក​ដ៏​គួរ​ឱ្យ​បារម្ភ​សម្រាប់​សម្ព័ន្ធ​មិត្ត​អាមេរិក​ផ្សេង​ទៀត។

ការ​ពិត​មិន​អាច​ប្រប្រកែក​បាន នៅពេលនិយាយដល់ការសន្យា និងការធានា សហរដ្ឋអាមេរិក​ធ្លាប់​មានប្រវត្ដិសាស្ដ្រ គួរ​ឱ្យ​អាម៉ាស់​បំផុត ដូច​ជា​ភាព​បរាជ័យ​មិន​អាច​ដណ្តើម​ប្រជុំកោះនៅសមុទ្រចិនខាងត្បូង​ដែលជប៉ុនបានរឹបអូសពីប្រទេសចិន​មក​វិញ​បាន ភាព​បរាជ័យ​ក្នុង​កិច្ចព្រមព្រៀង​​សន្និសីទទីក្រុងគែរ កាលពីខែវិច្ឆិកា ឆ្នាំ១៩៤៣ ការ​បោះបង់​ប្រទេសហុងគ្រី នៅ​ពេល​ដែល​កង​ទ័ព​សូវៀត បានចូលកម្ទេច​ចលនា​បះបោរ ក្នុង​ឆ្នាំ​១៩៥៦។

ដោយ​ឡែក​ប្រទេសវៀតណាម ដែល​​ធ្លាប់​ត្រូវ​បាន​រដ្ឋាភិបាល ទីក្រុង វ៉ាស៊ីនតោន អូសទាញ ដើម្បី​ប្រឆាំងមហិច្ឆតារបស់ក្រុងប៉េកាំង នៅសមុទ្រចិនខាងត្បូង ក៏​​គួរ​​តែ​ចងចាំផងដែរ បន្ទាប់​ពី​​សហរដ្ឋអាមេរិកបានបោះបង់ចោល​ខ្លួន​ដែល​ជា​សម្ព័ន្ធមិត្ត ​រហូត​ដល់​សង្គ្រាម​ឥណ្ឌូចិន​ត្រូវបានបញ្ចប់​ក្នុង​ឆ្នាំ​១៩៧៥។

ច្បាស់ណាស់ថា មាន​មនុស្សជាច្រើនដែលបានឆ្លងកាត់​ព្រឹត្តិការណ៍​ទាំងនោះ​នឹង​ចង​ចាំ​មិន​ភ្លេច​នូវរូបភាព​ដែល​ឧទ្ធម្ភាគចក្រកងម៉ារីន​អាមេរិក ​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​ចេញ​ពី​ដំបូល​នៃ​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង សៃហ្គន នា​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ១៩៧៥ ខណៈ​ដែល​ប្រទេស​វៀតណាម​កំពុង​ធ្លាក់​ក្នុង​ភ្លើង​សង្គ្រាម។ ប៉ុន្តែ​អ្វី​​ដែល​ជា​គ្រោះ​មហន្តរាយ​ដ៏​គួរ​ឱ្យរន្ធត់ និងគួរឱ្យអាម៉ាស់ជាងនេះ ក៏​បាន​កើត​ឡើង​ផង​ដែរ ​នៅ​រាជធានីភ្នំពេញ​ក្នុង​រយៈ​ពេល​បីសប្តាហ៍មុន​ហេតុ​ការណ៍​​​កើតឡើងនៅ​វៀតណាម​។

សូម​រំឭក​ដល់​ព្រឹត្តិការណ៍​ខែ​មេសា ឆ្នាំ​១៩៧៥ សហរដ្ឋអាមេរិក​​ជា​អ្នក​ជំរុញឱ្យឧត្តមសេនីយ៍ លន់នល់ ទម្លាក់​សម្ដេច នរោត្តមសីហនុ ដោយ​ការ​ធ្វើ​រដ្ឋប្រហារ ប៉ុន្តែ​ប្រាំ​ឆ្នាំ​ក្រោយ​មកអាមេរិក​​បែរ​ជា​​បោះបង់​ប្រទេសកម្ពុជា ដោយ​បណ្តោយ​ឱ្យ​ធ្លាក់​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ដោយ​មិន​ខ្វល់​អ្វី​ទាំង​អស់​។

ក្នុង​ពេល​នោះ លោក John Gunther Dean ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ដំបូង​ឡើយ​បានស្នើ​រដ្ឋាភិបាល​អាមេរិក​កុំ​ឱ្យ​​បោះបង់​កម្ពុជា​ឡើយ ប៉ុន្តែ​អ្វីៗ​ត្រូវ​ប្រែប្រួល។ នា​ថ្ងៃ​ទី​១២ ខែ​មេសា លោក​ផ្ទាល់ និងជនជាតិអាមេរិកទាំងអស់ ត្រូវបានគេបញ្ជាឱ្យជម្លៀសចេញ ដែល​ក្រោយមក​លោក​បាន​ចាត់​ទុកថា «​ថ្ងៃ​ដែល​សហរដ្ឋអាមេរិកបោះបង់ចោល​កម្ពុជា ​ប្រគល់​ទៅ​ក្នុង​ដៃ​ខ្មែរ​ក្រហម​» ជា​ថ្ងៃ​ដែល​អាក្រក់​បំផុត​ក្នុង​ជីវិត​របស់​លោក។

ជា​ច្រើន​ឆ្នាំ​ក្រោយមក លោកបានថ្លែង​ក្នុងបទសម្ភាសន៍មួយនៅប៉ារីសថា «យើង​​បាន​ទទួល​ខុសត្រូវសម្រាប់ប្រទេសកម្ពុជា តែ​ក្រោយ​មក​យើង​បែរ​បោះបង់​ ដោយមិនបំពេញតាមការសន្យារបស់យើង»។ ​នោះជាអ្វីដែលអាក្រក់បំផុត​ដែល​សហរដ្ឋអាមេរិក​បាន​ធ្វើ​ ខ្ញុំយំដោយព្រោះខ្ញុំដឹងពីអ្វីដែលបាន​កើតឡើង»។ អ្វីដែលបានកើតឡើងនោះគឺ បន្ទាប់ពីពួកខ្មែរក្រហមបានចូលមករាជធានីភ្នំពេញ ប្រជាពលរដ្ឋចំនួន២លាននាក់ ​ត្រូវ​បង្ខំ​ដោយកាណុងកាំភ្លើង​ឱ្យ​​ជម្លៀស​ទៅ​ទីជនបទ។ នៅទីបំផុត​ពួកគេស្ទើរតែទាំងអស់បានស្លាប់ដោយសារការ​សម្លាប់ ការអត់ឃ្លាន ឬការធ្វើទារុណកម្ម។

​រឿង​ដ៏​អាម៉ាស់​នៃ​សកម្មភាពរបស់សហរដ្ឋអាមេរិក ត្រូវ​បាន​ទម្លាយ​ចេញ​ពី​ព្រះអង្គម្ចាស់សិរិមតៈ ដែលជាឧបនាយករដ្ឋមន្ត្រីកម្ពុជា​នា​ពេល​នោះ។ ការ​ពិត​ទៅឯកអគ្គរដ្ឋទូត Dean បាន​ឱ្យ​ព្រះ​អង្គ​ជិះ​ក្បួនរថយន្ត​ដើម្បី​ជម្លៀស​ចេញ ព្រម​ទាំង​ផ្តល់​​សិទ្ធិជ្រកកោន​ដល់​ទ្រង់​ផងដែរ ដោយ​ខណៈ​ពេល​នោះ​នាយករដ្ឋមន្ត្រី លន់ណុល បាន​ជម្លៀស​ខ្លួន​ទៅ​រដ្ឋ​ហាវ៉ៃ​រួច​ទៅ​ហើយ។

ព្រះអង្គម្ចាស់ សិរិមតៈ បានឆ្លើយតប​ទង្វើ​របស់​សហរដ្ឋអាមេរិក ​ដោយ​សរសេរ​ថា «ឯកឧត្តម និងមិត្តភក្តិ ជាទីរាប់​អាន ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះលិខិតរបស់ឯកឧត្តម និងលិខិតឆ្លងដែន ដែល​ផ្តល់​ឱ្យ​ខ្ញុំ​ដើម្បី​បាន​​រត់​ទៅ​រក​សេរីភាព។ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​មិន​អាច​ចាកចោល​ប្រទេស​ដោយ​ភាព​កំសាក​បែប​នេះ​បាន​ឡើយ»។

«​ខ្ញុំ​ស្ទើ​តែ​មិន​ជឿ​​ទាល់​តែ​សោះ​ថា​ លោក​ជាពិសេស​សហរដ្ឋអាមេរិក​ប្រទេស​ដ៏​អស្ចារ្យ​របស់​លោក អាច​បោះបង់ចោលមនុស្សដែលបានជ្រើសរើស​របប​សេរី​បែបនេះ​ទេ។ លោក​បាន​បដិសេធ​មិន​ការពារ​យើង ទាំង​ដែល​យើង​មិន​អាច​ធ្វើ​អ្វី​បាន​​​សោះ​ចំពោះ​រឿង​នេះ លោក​​បាន​ចាកចេញពីយើង ហើយ​ខ្ញុំ​​សូម​ជូន​ពរ​លោក និងប្រទេសរបស់លោក​ រកឃើញសុភមង្គលនៅក្រោមមេឃ»។

ប៉ុន្តែសូមចង​ចាំ​ថា ប្រសិនបើខ្ញុំស្លាប់នៅទីនេះ នៅក្នុងប្រទេសដែលខ្ញុំស្រលាញ់ វា​ជារឿង​ដ៏​អាក្រក់ ព្រោះ​យើងទាំងអស់គ្នាកើតមក ត្រូវ​តែ​ស្លាប់​ទៅវិញ​​នៅ​ថ្ងៃណា​មួយ តែ​ខ្ញុំ​ទទួល​ស្គាល់​កំហុស​​មួយ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត គឺ​ការ​ជឿ​ជាក់​លើ​លោក, ជនជាតិអាមេរិក។

សូម​ជម្រាប​ថា សារ​ឆ្លើយតបនេះត្រូវបានគេសរសេរ​ចែកចាយ ​និង​អាន​​ដោយ​ការ​​សើច​ចំអក​​នៅ​ក្នុង​ដែនដី​​នៃ​មហា​អំណាច​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។ អ្នក​សរសេរ​លិខិត​​នេះ ក្រោយមកត្រូវបាន ចាប់ខ្លួន ដោយទាហានខ្មែរក្រហម និងត្រូវបានសម្លាប់។ តែ​សេចក្តី​រាយការណ៍​មួយ​ចំនួន​ឱ្យ​ដឹងថា លោក​ត្រូវបានគេបាញ់​ត្រង់​ពោះ ហើយ​បោះបង់​ចោល​​​រហូត​ដល់​ស្លាប់​ក្រោយ​ការ​ឈឺ​ចាប់​​ដោយ​សារ​របួស​រយៈ​ពេល​បី​ថ្ងៃ ​ខណៈដែល​ប្រភព​ខ្លះ​ទៀត​បាន​ឱ្យដឹង​ថា លោក​ត្រូវបានគេកាត់ក្បាល។

ចង់​ដឹង​ណាស់​ថា តើ​​ប្រធានាធិបតី​មហាអំណាច​អាមេរិក​បច្ចុប្បន្ន លោក ដូណាល់ ត្រាំ បានអានលិខិតនេះ​ដែរ​ឬទេ មុនពេល​លោក​បញ្ជា​ឱ្យ​ដក​ទ័ព​ចេញ​ពី​ប្រទេស​ស៊ីរី។ បើ​បាន​អាន លោក​ប្រហែល​ជា​ត្រូវ​ពិចារណា​​ច្បាស់​លាស់​មុន​ពេល​សម្រេច​ចិត្ត​បែបនេះ៕

ដោយ៖ សារព័ត៌មាន The Straits Times