(គែរ)៖ ក្រុមបុរាណវិទូនៃប្រទេសអេហ្ស៊ីបនាពេលថ្មីៗនេះ បានប្រកាសពីការរកឃើញផ្នូរបុរាណមួយ ដែលមានផ្ទុកវត្តមានសាកសពម៉ាំមី (Mummy) ប្រមាណជា៥០សព ដោយក្នុងនោះ១២សពគឺជាកុមារ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអាទិត្យ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩។
សព Mummy ទាំងអស់ខាងលើដែលរកឃើញនៅក្នុងបុរាណឋាន Tuna El-Gebel មានជម្រៅ០៩ម៉ែត្រ នៅក្នុងខេត្តវាលខ្សាច់ Minya ភាគខាងត្បូងរដ្ឋធានីគែរ គឺបានបន្សល់ទុកតាំងពីសម័យអាណាចក្រ Ptolemaic (៣០៥-៣០ឆ្នាំមុនគ្រឹស្តសករាជ) មកម្ល៉េះ។
គួរជម្រាបថា អត្តសញ្ញាណរបស់ Mummy ទាំងនេះ ដែលមួយចំនួនស្ថិតក្នុងការរុំដោយក្រណាត់ទទេ និងខ្លះទៀតតម្កល់ក្នុងមឈូសថ្មឬឈើនោះ ពុំត្រូវបានគេដឹងឡើយ ប៉ុន្តែអ្នកបុរាណវិទូជឿជាក់ថា ពួកគេភាគច្រើនអាចជាបុគ្គលដែលមានឋានៈឬតួនាទីសំខាន់ៗ៕