(ញូដេលី)៖ រដ្ឋាភិបាលឥណ្ឌានាថ្ងៃអាទិត្យនេះ បានប្រកាសផ្តល់សំណងជាទឹកប្រាក់ដល់ជនរងគ្រោះទាំងឡាយ នៅក្នុងករណីគ្រោះថ្នាក់រថភ្លើងធ្លាក់ចេញពីផ្លូវ នៅរដ្ឋ Bihar ភាគខាងកើតប្រទេសឥណ្ឌា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអាទិត្យ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩។
ហេតុការណ៍ខាងលើបានបណ្តាលឲ្យមនុស្ស០៦នាក់ស្លាប់ និងរបួស១១នាក់ ក្នុងនោះធ្ងន់០៤នាក់ និងស្រាល០៧នាក់ ខណៈពីដំបូងឡើយមានសេចក្តីរាយការណ៍ថា អ្នកទទួលរងរបួសមានដល់២៤នាក់។ រដ្ឋាភិបាលឥណ្ឌាបានប្រកាសផ្តល់សំណងជាថវិកាសម្រាប់អ្នកដែលបានបាត់បង់ជិវិតក្នុងម្នាក់ចំនួន៧,១៤២ដុល្លារអាមេរិក សម្រាប់អ្នករបួសធ្ងន់ក្នុងម្នាក់១,៤២៨ដុល្លារ និងសម្រាប់អ្នករបួសស្រាលក្នុងម្នាក់៧១៤ដុល្លារ។
ម៉្យាងវិញទៀត អ្នកនាំពាក្យក្រសួងអយស្ម័យយានឥណ្ឌាបានឲ្យដឹងថា រាល់ថ្លៃចំណាយព្យាបាលទាំងអស់លើអ្នកដែលទទួលរងរបួសក្នុងគ្រោះថ្នាក់នេះនឹងត្រូវរ៉ាប់រងទូទាត់ដោយក្រសួងផ្ទាល់។
គួរជម្រាបថា រថភ្លើងខាងលើ ដែលមានគោលដៅចេញពីស្ថានីយ Jogbani នៃរដ្ឋ Bihar ឆ្ពោះមកកាន់ស្ថានីយ Anand Vihar ក្នុងតំបន់ Delhi នៃទីក្រុងញូដេលី បានក្រឡាច់ធ្លាក់ចេញពីផ្លូវ នៅពេលអ្នកបញ្ជារថភ្លើងព្យាយាមផ្លាស់ប្តូរខ្សែផ្លូវធ្វើដំណើរ៕