(ប៉េកាំង)៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន South China Morning Post នាថ្ងៃអាទិត្យនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និង លោក ស៊ី ជីនពីង កំពុងពិចារណជួបមុខគ្នានៅឯប្រទេសវៀតណាម នៅថ្ងៃទី២៧ និងទី២៨ ខែកុម្ភៈនេះ។
លោក ត្រាំ និង ស៊ី អាចនឹងជួបគ្នានៅទីក្រុងណាដាង ជាទីដែលមេដឹកនាំកំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីរ ត្រូវគេរំពឹងថា នឹងបន្តពុះពារឆ្ពោះទៅរកការដោះស្រាយបញ្ហាជម្លោះពាណិជ្ជកម្មដ៏តានតឹង។ ដំណឹងពាក់ព័ន្ធនឹងគម្រោងជួបមុខគ្នានេះ ត្រូវបានលើកឡើងដោយ លោក ត្រាំ នៅពេលប្រតិភូនៃមន្រ្តីចិនបានទៅទស្សនកិច្ចនៅវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ។ លោកបានបញ្ជាក់ថា លោកទន្ទឹងរង់ចាំជួបមុខលោក ស៊ី ម្តងជាពីរទៀត ដើម្បីសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្ម។
គួរជម្រាបថា ជាមួយគ្នានេះ ទីក្រុងវ៉ាស៊ីនតោនក៏កំពុងរៀបចំកិច្ចប្រជុំកំពូលជាលើកទីពីរ រវាង លោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ផងដែរ នៅអំឡុងចុងខែកុម្ភៈនេះ។ លោក ត្រាំ បានបង្ហើបប្រាប់ថា លោកនឹងប្រកាសពីកាលបរិច្ឆេទនិងទីតាំងជាក់លាក់នៃជំនួបកំពូលនេះ នៅដើមសប្តាហ៍ក្រោយ ទំនងជាក្នុងអំឡុងការថ្លែងសារជាតិរបស់លោក ដែលនឹងធ្វើឡើងនៅថ្ងៃអង្គារសប្តាហ៍ក្រោយ។ កន្លងមកនេះ មានការសន្និដ្ឋានជុំវិញទីតាំងសម្រាប់កិច្ចប្រជុំ ត្រាំ-គីម លើកទីពីររួចស្រេចទៅហើយ ដោយក្នុងនោះរួមមានទាំងរដ្ឋធានីហាណូយ និងទីក្រុងដាណាង របស់វៀតណាមផងដែរ៕