(ញូដេលី)៖ មនុស្សយ៉ាងតិច០៦នាក់បានបាត់បង់ជីវិត និងប្រមាណជា២៤នាក់បានរងរបួស នៅពេលរថភ្លើងមួយខ្សែរដែលមានគោលដៅឆ្ពោះមកកាន់តំបន់ Delhi នៃរដ្ឋធានីញូដេលី បានក្រឡាច់ធ្លាក់ចេញពីផ្លូវ នៅឯរដ្ឋ Bihar ភាគឦសានប្រទេសឥណ្ឌា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩។
បើតាមអាជ្ញាធរឥណ្ឌា ហេតុការណ៍គ្រោះថ្នាក់ខាងលើបានកើតឡើងចំពេលរថភ្លើង កំពុងរត់ក្នុងល្បឿនលឿនធម្មតា ដោយទូរថភ្លើងចំនួន០៩កំណាត់បានធ្លាក់ចេញពីលើផ្លូវដែក។ ជាមួយគ្នានេះ ប្រតិបត្តិការរុករកនិងជួយសង្រ្គោះ កំពុងបន្តប្រព្រឹត្តទៅខណៈអាចមានមនុស្សនៅជាប់ក្នុងកំណាត់ទូរថភ្លើងទាំងនោះ។
គួរជម្រាបថា ក្រោយហេតុការណ៍នេះ រាល់រថភ្លើងដឹកអ្នកដំណើរទាំងអស់ ដែលត្រូវចរាចរណ៍តាមផ្លូវខាងលើ ត្រូវបានលុបចោលជើងធ្វើដំណើរ ហើយអាជ្ញាធរក្នុងតំបន់ក៏បានបើកការស៊ើបអង្កេតលើករណីគ្រោះថ្នាក់នេះផងដែរ៕