(បាកដាដ)៖ ឯកអគ្គរដ្ឋទូតវេណេស៊ុយអេឡាប្រចាំនៅប្រទេសអ៊ីរ៉ាក់ លោក Jonathan Velasco Ramirez នាថ្ងៃអាទិត្យនេះបានប្រកាសថា រូបលោកសម្រេចទទួលស្គាល់មេបក្សប្រឆាំងនិងជាប្រធានរដ្ឋសភាវេណេស៊ុយអេឡា លោក Juan Guaido ដែលបានតែងតាំងខ្លួនឯងឡើងជាប្រធានាធិបតីស្តីទីនោះ ជាមេដឹកនាំនៃប្រទេសអាមេរិកឡាទីននេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក Ramirez បានលើកឡើងថា «យើងមានកន្លែងតែមួយគត់ គឺនៅខាងប្រជាជន រដ្ឋធម្មនុញ្ញ និងរដ្ឋសភា។ លោក Guaido មានសិទ្ធិក៏ដូចជាកាតព្វកិច្ចត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ ដើម្បីទទួលយកទំនួលខុសត្រូវក្នុងនាមជាមេដឹកនាំនៃវេណេស៊ុយអេឡា»។ កាលពីសប្តាហ៍មុន បេសកជនយោធាជាន់ខ្ពស់វេណេស៊ុយអេឡាប្រចាំសហរដ្ឋអាមេរិក គឺ លោក Jose Luis Silva ក៏បានបានផ្តាច់ខ្លួនពីប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ហើយទៅគាំទ្រ លោក Guaido វិញផងដែរ និងបានអំពាវនាវឲ្យមន្រ្តីវេណេស៊ុយអេឡាឯទៀតៗធ្វើតាមដូចគ្នា។
គួរជម្រាបថា វិបត្តិនយោបាយនៅវេណេស៊ុយអេឡាបានធ្លាក់ផុងកាន់តែជ្រៅ បន្ទាប់ពីលោក Guaido បានប្រកាសខ្លួនឯងជាប្រធានាធិបតីស្តីទី ហើយលោក ម៉ាឌូរ៉ូ ដែលជាមេដឹកនាំជាប់ឆ្នោតដោយស្របច្បាប់ បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាកំពុងញុះញង់ឲ្យមានការធ្វើរដ្ឋប្រហារនៅក្នុងប្រទេសរបស់លោក ក្រោយពីសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត បានចេញមុខទទួលស្គាល់លោក Guaido ជាប្រធានាធិបតីស្តីទីស្របច្បាប់ភ្លាមៗ៕