(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ នាថ្ងៃសៅរ៍សប្តាហ៍នេះបានស្នើឡើងឲ្យមានការរៀបចំបោះឆ្នោតមុនអាណត្តិនៅក្នុងរដ្ឋសភា ដែលគ្រប់គ្រងដោយបក្សប្រឆាំង និងស្ថិតក្រោមការដឹកនាំរបស់ លោក Juan Guaido ដែលបានប្រកាសតាំងតែងខ្លួនឯងជាប្រធានាធិបតីស្តីទីកាលពីសប្តាហ៍មុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានរុស្ស៊ី Russia Today (RT) នៅព្រឹកថ្ងៃអាទិត្យ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩។
ថ្លែងទៅកាន់ក្រុមអ្នកគាំទ្ររបស់លោក ក្នុងព្រឹត្តិការណ៍ប្រមូលផ្តុំគ្នាមួយនៅរដ្ឋធានីការ៉ាកាស់ លោក ម៉ាឌូរ៉ូ បាននិយាយដូច្នេះថា «ពួកគេចង់បានការបោះឆ្នោត? យើងនឹងរៀបចំការបោះឆ្នោតនៅរដ្ឋសភា»។ ជុំវិញសំណើនេះ ប្រសិនបើសភាធម្មនុញ្ញគាំទ្រ ការបោះឆ្នោតនៅរដ្ឋសភាអាចនឹងប្រព្រឹត្តទៅក្នុងខែណាមួយនាឆ្នាំ២០១៩ ខណៈពីដំបូងឡើយការបោះឆ្នោតសភាត្រូវគេរំពឹងថានឹងធ្វើឡើងនៅឆ្នាំ២០២០ឯណោះ។
គួរជម្រាបថា កន្លងទៅនេះតុលាការកំពូលវេណេស៊ុយអេឡា បានប្រកាសថា រាល់សកម្មភាពរបស់រដ្ឋសភាជាតិ ដែលដឹកនាំដោយ លោក Guaido គឺមិនអាចយកជាការនោះឡើយ។ លោក ម៉ាឌូរ៉ូ បានបញ្ជាក់ថា ការបោះឆ្នោតសភាមុនអាណត្តិនេះ គឺដើម្បីធ្វើឲ្យស្ថាប័ននីតិបញ្ញត្តិនេះមានភាពស្របច្បាប់និងការទទួលស្គាល់ឡើងវិញសាជាថ្មី៕