(ការ៉ាកាស់)៖ យោធាវេណេស៊ុយអេឡាបានចេញមុខថ្កោលទោសធ្ងន់ៗចំពោះការសម្រេចចិត្តរបស់មេបញ្ជាការម្នាក់នៃកងទ័ពអាកាសវេណេស៊ុយអេឡា ដែលបានងាកទៅទទួលស្គាល់មេបក្សប្រឆាំង លោក Juan Guaido ជាប្រធានាធិបតីស្តីទី ដោយថាទង្វើនេះជាអំពើក្បត់ជាតិមិនអាចលើកលែងឲ្យបាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩។
កម្លាំងយោធាវេណេស៊ុយអេឡាបានលើកឡើងដូច្នេះថា «ពួកយើងទាំងអស់គ្នាដែលនៅក្នុងកងកម្លាំងប្រដាប់អាវុធ នឹងមិនអត់ឱនឲ្យទង្វើបែបនេះដាច់ខាត ដោយកម្លាំងយោធាជាពិសេសគឺកងទ័ពអាកាសរបស់វេណេស៊ុយអេឡា នៅតែមានភាពស្មោះស្ម័គ្រជានិច្ចចំពោះប្រធានាធិបតីរបស់យើង»។ ក្នុងសារលើកឡើងនេះយោធាវេណេស៊ុយអេឡា បានភ្ជាប់ជាមួយនូវរូបថតរបស់មេទ័ពអាកាសខាងលើ ដែលមានអក្សរសរសេរធំៗពណ៌ក្រហមថា «ជនក្បត់ជាតិ»។
គួរជម្រាបថា កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ នៅក្នុងឃ្លីបវីដេអូមួយ ដែលត្រូវគេចែកចាយលើបណ្តាញសង្គម លោក Francisco Esteban Yanez Rodriguez ដែលមានតួនាទីជាប្រធានផ្នែករៀបចំផែនការយុទ្ធសាស្រ្តនៃកងទ័ពអាកាសវេណេស៊ុយអេឡា បានថ្កោលទោសការដឹកនាំរបស់ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ថាជាការដឹកនាំផ្តាច់ការ ហើយបានប្រកាសទទួលស្គាល់ លោក Guaido ជាមេដឹកនាំវេណេស៊ុយអេឡាវិញ។
មេទ័ពអាកាសរូបនេះ បានបន្តថាលោកមានភាពជឿជាក់ខ្ពស់ថា ៩០ភាគរយនៃកម្លាំងយោធាវេណេស៊ុយអេឡាមានការគាំទ្រចំពោះលោក Guaido ហើយដំណើរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យពិតប្រាកដគឺជៀសមិនផុតនោះទេ ដោយលោកបានអំពាវនាវឲ្យប្រជាជនវេណេស៊ុយអេឡានាំគ្នាចេញធ្វើបាតុកម្មទ្រង់ទ្រាយធំ៕