(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន (John Bolton) បានថ្ងៃសៅរ៍សប្តាហ៍នេះបានអំពាវនាវដល់កម្លាំងយោធានិងធនាគារកណ្តាលនៃប្រទេសវេណេស៊ុយអេឡា ឲ្យបោះបង់ចោលប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ រួចងាកទៅចូលរួមគាំទ្រក្រុមប្រឆាំងវិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩។
នៅចំពោះមុខវិបត្តិនយោបាយក្នុងប្រទេសវេណេស៊ុយអេឡា លោក Bolton បានបង្ហោះសារលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា «ជូនចំពោះថ្នាក់ដឹកនាំនៃកម្លាំងយោធាវេណេស៊ុយអេឡា ឥឡូវនេះដល់ពេលហើយដែលត្រូវមកឈរនៅខាងប្រជាជនវេណេស៊ុយអេឡា។ វាគឺជាសិទ្ធិក៏ដូចជាការទទួលខុសត្រូវរបស់អ្នកទាំងអស់គ្នា ក្នុងការការពាររដ្ឋធម្មនុញ្ញនិងលទ្ធិប្រជាធិបតេយ្យរបស់វេណេស៊ុយអេឡា... រីឯបុគ្គលិកគ្រប់រូបនៃធនាគារកណ្តាលនិងស្ថាប័នហិរញ្ញវត្ថុដទៃទៀត គួរតែទទួលយកការលើកលែងទោសរបស់ប្រធានាធិបតីស្តីទី លោក Juan Guaido ភ្លាមៗទៅ ជាជាងត្រូវទទួលទោសពីបទលួចទ្រព្យសម្បត្តិជាតិ»។
គួរជម្រាបថា ការអំពាវនាវារបស់ លោក John Bolton បានកើតមានឡើង ចំពេលដែលមេទ័ពអាកាសវេណេស៊ុយអេឡាម្នាក់ ទើបតែបានបង្ហោះវីដេអូ ប្រកាសឈប់ទទួលស្គាល់ លោក ម៉ាឌូរ៉ូ ហើយទៅគាំទ្រមេបក្សប្រឆាំង លោក Guaido ដែលបានប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីស្តីទីរបស់វេណេស៊ុយអេឡាវិញ៕