(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នាថ្ងៃសៅរ៍នេះបានប្រកាសថា ប្រទេសរុស្ស៊ីនឹងដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ Intermediate-Range Nuclear Forces ហៅកាត់ថា INF ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់អាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃសៅរ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក ពូទីន បាននិយាយថារុស្ស៊ីនឹងធ្វើតាមគំរូពីសហរដ្ឋអាមេរិក ហើយដើរចេញពីសន្ធិសញ្ញា INF ក្នុងរយៈពេល០៦ខែដែរ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានប្រកាសកាលពីថ្ងៃសុក្រថា អាមេរិកនឹងចាប់ផ្តើមនីតិវិធីនៃការដកខ្លួនពីសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរនេះនៅថ្ងៃទី០២ ខែកុម្ភៈ ដែលនឹងត្រូវចំណាយពេលកន្លះឆ្នាំ។
ទោះជាបែបនេះក្តី លោកប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់ថា លោកនឹងមិនបណ្តោយឲ្យប្រទេសរុស្ស៊ីធ្លាក់ទៅក្នុងការរត់ប្រណាំងសព្វាវុធដាច់ខាត ហើយរុស្ស៊ីនឹងមិនធ្វើការដាក់ពង្រាយប្រភេទមីស៊ីលរយៈចម្ងាយមធ្យមនិងខ្លី នៅតាមតំបន់ណាមួយនោះទេ ដរាបណាអាមេរិកជៀសវាងការធ្វើបែបនេះដូចគ្នា។
ដោយឡែក លោក ពូទីន បានលើកឡើងថា ទ្វារសម្រាប់ការចរចានៅតែបើកចំហជានិច្ច តែលោកបានបង្គាប់មិនឲ្យមន្រ្តីរុស្ស៊ីចាប់ផ្តើមការចរចាលើបញ្ហានេះជាមុនឡើយ ដោយត្រូវរង់ចាំរហូតទាល់តែទីក្រុងវ៉ាស៊ីនតោនមើលទៅត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមក្នុងកិច្ចសន្ទនាគ្នា៕